(ភ្នំពេញ)៖ មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មកម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍន៍ដំណាំចេកក្រូសមីឈេលជប៉ុន (ចេកម្យ៉ាងរបស់ជប៉ុនមានទិន្នផលខ្ពស់) និងដំណាំស្រូវជប៉ុន រវាងក្រុមហ៊ុនអាហ្គី្រអន (ខេមបូឌា) និងក្រុមហ៊ុនស៊ីបា ឌីវឡុបម៉ិន។

ពិធីចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ក្រោមការអញ្ជើញចូលរួមពីលោកបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្មជាតិព្រែកលៀប និងលោក ស៊ីបា សូជី (Mr. SHIB \ Shoji) ប្រធានក្រុមហ៊ុនស៊ីបា ឌីវឡុបម៉ិន។

លោកបណ្ឌិត ធន់ វឌ្ឍនា បានលើកទឹកចិត្តដល់ស្មារតីសហការរវាងក្រុមហ៊ុន អាហ្គ្រីអន (ខេមបូឌា) និងស៊ីបា ឌីវេឡុបម៉ិន និងមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មកម្ពុជា-ជប៉ុន។

លោកបណ្ឌិត ធន់ វឌ្ឍនា បានថ្លែងថា «ពាក់ព័នការដំាដុះដំណំានៅប្រទេសកម្ពុជា គឺយើងផ្តោតលើការដំាដុះកសិផល កសិកម្មណា ដែលមានតម្លៃខ្ពស់ បើទោះបីយើងសិក្សា រីជជែកគ្នា ពីការធ្វើពីពិតកម្មកសិកម្មច្រើនប្រភេទ ច្រើនយ៉ាងណាក៏ដោយ យើងជ្រើសយកផលិតផលណាដែលមានតម្លៃខ្ពស់ បើទោះជាការដំាដុះ ដូចជា៖ ដំាណំាស្រូវ វាជាដំណាំដំាដុះទូទៅរបស់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែវានៅតែជាការដំាដុះមួយ ដែលពេលខ្លះប្រជាកសិករខាតបង់ព្រោះដំណំានេះ ហើយការដំាដុះនេះនៅទាមទារការធ្វើអោយវាប្រសើឡើង»

លោកបណ្ឌិត បានបញ្ជាក់ថា «ជាទូទៅកសិផល ផលិផលកសិកម្ម របស់ជប៉ុន តែងតែជាផលិតផលដែលមានតម្លៃខ្ពស់ ឧទាហរណ៍ពេលខ្លះក៏មានការដេញថ្លៃដាក់ផលិតផលកសិកម្ម ដូចជាផ្លែស្តូប៊ូរីជាដើម ពេលខ្លះតម្លៃផ្លែស្តូប៊ូរី ១ផ្លែ៥០០ដុល្លារ ដែលនេះបញ្ជាក់អោយឃើញពីគុណភាព និងតម្លៃ នៅលើទីផ្សារនៃកសិផលប្រទេសជប៉ុន, អញ្ចឹងហើយ យើងចូលចិត្ត និងចង់ធ្វើការ លើវិស័យកសិកម្មជាមួយជនជាតិជប៉ុន ដោយសារផលិតផលកសិកម្មរបស់ជប៉ុន មានគុណភាពល្អ និងតម្លៃខ្ពស់លើទីផ្សារ»

នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលាប សង្ឃឹមថា ដំណាំចេកក្រូសមីឈេលជប៉ុន និងដំាស្រូវជប៉ុននេះ នឹងមានការដំាដុះដាលពេញផ្ទៃប្រទេស ហើយកម្ពុជាអាចផលិត និងផ្គត់ផ្គង់នាំចេញទីផ្សារក្រៅប្រទេសផងដែរ។

លោក ស៊ីបា សូជី (Shiba Shoji) ប្រធានក្រុមហ៊ុន ស៊ីបា ឌីវេឡុបម៉ិន បានគូសបញ្ជាក់ថា ដោយសារបញ្ហាវិបត្តិកូវីដ១៩ បានធ្វើឱ្យយើងខកខានផែនការប្រារព្ធពិធីនេះ អស់រយៈពេល១ឆ្នាំ ៧ខែ។ ហើយថ្ងៃនេះយើងសប្បាយចិត្តដោយបានធ្វើពិធីចុះហត្ថលេខានេះ។

លោកបានផ្ដល់ក្តីសង្ឃឹមថា ការវិនិយោគក្នុងវិស័យកសិកម្ម និងឧស្សាហកម្មនៅកម្ពុជា ដែលក្រុមហ៊ុនអាហ្គ្រីអន (ខេមបូឌា) និងមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មកម្ពុជា-ជប៉ុន អាចធ្វើការស្រាវជ្រាវផលិត និងពង្រីកការដាំដុះចេក និងស្រូវឱ្យបានទូលំទូលាយនៅប្រទេសកម្ពុជា និងធ្វើការនាំចេញទៅទីផ្សារពិភពលោក។

គូសបញ្ជាក់ថា ការដាំដុះដំណាំចេក Gros Michel (ក្រូសមីឈេល) ត្រូវបានចាប់ផ្តើមឡើងតាំងពី៣ឆ្នាំមុន ដែលត្រូវបានអនុញ្ញាតដោយរដ្ឋាភិបាល នៃប្រទេសជប៉ុន ដើម្បីនាំយកប្រភេទពូជចេក (ក្រូសមីឈេល) នេះមកវិទ្យាស្ថានជាតិកសិកម្មជាតិព្រែកលៀប ដើម្បីសាកល្បងដាំដុះ និងពិសោធន៍ទៅលើការលូតលាស់របស់ដំណាំចេកប្រភេទនេះ។ ដោយមានការគាំទ្រពីនាយកនៃវិទ្យាស្ថានព្រែកលៀប បានចាប់ផ្តើមពិសោធន៍សាកល្បងទៅលើការដំាដុះរបស់ដំណាំចេកនេះដោយទទួលបានលទ្ធផលល្អរយៈពេល ៣ឆ្នាំមកហើយ។ ចាប់ពីដំណាក់ការនេះទៅនឹងធ្វើការសហការណ៍ជាមួយក្រុមហ៊ុនអាហ្គ្រីអន (ខេមបូឌា) ដើម្បីធ្វើការបន្ត ដាំដុះដំណាំចេកនេះជាលក្ខណៈទ្រង់ទ្រាយធំសម្រាប់តម្រូវការទីផ្សារ។

ដោយឡែកដំណំាស្រូវជប៉ុន ក៏ដូចជាដំណំាចេកផងដែរ ដោយមានការគាំទ្រ ពីនាយកនៃវិទ្យាស្ថានជាតិកសិកម្មជាតិព្រែកលៀប បានធ្វើការពិសោធន៍ទៅលើការដាំដុះពូជស្រូវជប៉ុន ក្នុងមួយឆ្នាំ២ដង និងថែមទាំងបានដាំដុះសាកល្បងនៅបណ្តាខេត្តមួយចំនួនដូចជា៖ បាត់ដំបង ព្រៃវែង កំពត កំពង់ធំ និងពោធិ៍សាត់ជាដើម ហើយក៏ទទួលបានជោគជ័យដោយជ្រើសរើសបានពូជស្រូវជប៉ុន ដែលសមស្របសម្រាប់ដាំដុះនៅប្រទេសកម្ពុជា ជាមួយនឹងទិន្នផលល្អប្រសើរ។

សូមបញ្ជាក់ថា ដំណំាស្រូវជប៉ុន ដែលយើងធ្វើការដំាដុះទទួលបានជោគជ័យនៅកម្ពុជាយើងមានចំនួន៤ប្រភេទ ជាពូជល្អបំផុតនៅក្នុងប្រទេសជប៉ុន រួមមានដូចជា៖១, Hitomebore (ហិតូមេបូរេ)២, Hinohikari (ហិណូហិការិ)3, Akitakomashi (អាគីតាកូម៉ាស៊ី) និង ៤,Koshihikari (កូស៊ីហិការិ)៕