(ភ្នំពេញ)៖ តំណាងអង្គការ UNICEF ប្រចាំកម្ពុជា លោកស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូហ្សាត (Foroogh Foyozat) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ស្កាត់ជាមួយនឹងជំងឺកូវីដ-១៩ ក៏ដូចជាការផ្ដល់នូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយលោកស្រីបានលាន់មាត់ថា «រាជរដ្ឋាភិបាលកម្ពុជា គឺស្ថិតក្នុងកម្រិតខ្ពស់មួយ ដែលមិនងាយមានប្រទេសណាធ្វើបែបនេះបានឡើយ»។

ការកោតសរសើរបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកស្រីតំណាងអង្គការ UNICEF ប្រចាំកម្ពុជា រួមដំណើរជាមួយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី លី អាលែន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ចេញទៅទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ដែលជាជំនួយរបស់យន្តការកូវ៉ាក់ (COVAX Facility) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រលប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ខាងលើនេះ គឺមានចំនួន ១២៤,៨០០ដូស ដែលជាជំនួយរបស់យន្តការ COVAX ផ្ដល់មកឱ្យប្រទេសកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានជាមួយក្រុមអ្នកសារព័ត៌មាននាឱកាសនោះ លោកស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូហ្សាត បានសម្ដែងការអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបានបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការប្រយុទ្ធទប់ស្កាត់ជាមួយនឹងជំងឺកូវីដ-១៩ ការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្ដល់នូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ រហូតដល់អត្រាលើសពី ៩០% ទៅទៀត។

លោកស្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគយ៉ាងច្រើនលើការទិញវ៉ាក់សាំងពីប្រទេសផ្សេងៗ រួមទាំងជំនួយពីប្រទេសផ្សេងទៀតជាដើម។ ជាលទ្ធផល អង្គការ UNICEF ប្រចាំកម្ពុជា ឃើញថាប្រជាពលរដ្ឋកម្ពុជាច្រើនជាង ៩០% បានទទួលការចាក់វ៉ាកសាំងពិតជាក់ស្ដែង ដែលនេះជាជោគជ័យមួយដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា។

តំណាងអង្គការ UNICEF រូបនេះបានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំនូវការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺមានលក្ខណៈគួរឱ្យកោតសរសើរ ហើយរាជរដ្ឋាភិបាលកម្ពុជា គឺស្ថិតក្នុងកម្រិតខ្ពស់មួយដែលអាចធ្វើបែបនេះបាន គឺសម្រេចបានមុនផែនការត្រឹមរយៈពេលតែ៨ខែ»។

លោកស្រីបានសង្កត់ធ្ងន់ទៀតថា ការផ្ដល់វ៉ាក់សាំងតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែប្រជាពលរដ្ឋត្រូវតែអនុវត្តតាមវិធានការសុខាភិបាលផ្សេងៗទៀត ដូចជាវិធានការ «៣-ការពារ និង ៣កុំ» ដើម្បីឈានទៅការបើកដំណើរការឡើងវិញនូវវិស័យជាច្រើន។

លោកស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូហ្សាត ក៏បានអបអរសាទរចំពោះការត្រៀមបើកសាលារៀន ក៏ដូចជាវិស័យអប់រំឡើងវិញរបស់កម្ពុជា នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ព្រមទាំងការត្រៀមបើកវិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅពេលបន្ទាប់ទៀតផងដែរ។

សូមជម្រាបថា ក្នុងក្របខណ្ឌនៃយន្តការ COVAX គឺមានគម្រោងផ្ដល់ជំនួយវ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ មកដល់ប្រទេសកម្ពុជាសរុបចំនួន ៦.៦លានដូស ខណៈបច្ចប្បន្ន គេបានបញ្ជូនវ៉ាក់សាំងនេះមកដល់កម្ពុជាចំនួន ២.៥លានដូសហើយ ដែលស្មើនឹងប្រមាណ ៣៨% នៃជំនួយសរុប។ ចំពោះជំនួយវ៉ាក់សាំងដែលនៅសល់ COVAX នឹងដឹកជញ្ជូនមកកម្ពុជាបណ្ដើរៗនៅពេលក្រោយៗទៀត៕