(ភ្នំពេញ)៖ កម្រិតប្រាក់បៀវត្សអប្បបរមា និងប្រាក់បៀវត្សមន្រ្តីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធឆ្នាំ ២០២២ នឹងត្រូវរក្សាស្មើកម្រិតឆ្នាំ ២០២១ ដោយមិនមានការដំឡើងនោះឡើយ។ នេះបើតាមខ្លឹមសារសង្ខេប នៃសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២២។

ការរក្សាកម្រិតប្រាក់បៀវត្សមន្រ្តីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ ដើម្បីរាជរដ្ឋាភិបាល នៅមានលទ្ធភាពសន្សំថវិកា សម្រាប់បន្តការងារអន្តរាគមន៍ផ្នែកសុខាភិបាល និងសង្គម ពិសេស គឺការបង្កើនកញ្ចប់ថវិកាជួយជនក្រីក្រ និងជនងាយរងគ្រោះឱ្យបានដល់៩ខែជាបន្តទៀត នៅក្នុងឆ្នាំ២០២២។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ធានានូវការបើកផ្តល់បៀវត្ស ជូនមន្ត្រីរាជការឲ្យបានទាន់ពេលវេលា ពោលគឺ២ដង ក្នុង១ខែ ដោយមិនកាត់ប្រាក់បៀវត្ស មន្រ្តីរាជការគ្រប់ប្រភេទ នៅឆ្នាំ២០២២នោះឡើយ។

កម្រិតប្រាក់បៀវត្សអប្បបរមារបស់មន្រ្តីរាជការគ្រប់ប្រភេទ និងកម្លាំងប្រដាប់អាវុធ ឆ្នាំ២០២២ ត្រូវបានរក្សាដូចខាងក្រោម៖

* បៀវត្សមន្ត្រីរាជការស៊ីវិល រក្សាស្មើនឹងប្រមាណ ១ ១៧២ ៥០០ រៀល
* បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ រក្សាស្មើនឹងប្រមាណ ១ ២៧២ ៥០០ រៀល
* បៀវត្សនគរបាល (ពលបាលត្រី) រក្សាស្មើនឹងប្រមាណ ១ ២៥៦ ៩៧៧ រៀល (គិតបញ្ចូលរបបអង្ករ)
* បៀវត្សយោធិន (ពលទោ) រក្សាស្មើនឹងប្រមាណ ១ ១២៣ ៥០០ រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករ ត្រូវជាប្រមាណ ១ ១៨១ ៩៧៧ រៀល។

បើតាមសេចក្តីព្រាងច្បាប់ថវិកាជាតិ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយលើបន្ទុកបុគ្គលិកចំនួន ៨ ៦៥៣ ៩៥៥ លានរៀល (ប្រាក់បៀវត្សមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ) មានសមាមាត្រស្មើនឹង៤៥.៣% នៃចំណាយចរន្ដថវិកាថ្នាក់ជាតិ, ត្រូវជា ៦.៩៧% នៃផសស, មានកំណើន១.០% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២១។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួន៥០ប៊ីលានរៀល សម្រាប់មូលនិធិថែទាំសុខភាព ជូនមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន និងបានបន្តគ្រោងថវិកាចំនួន៦ប៊ីលានរៀល ដើម្បីទ្រទ្រង់របបសន្តិសុខសង្គ មផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។

ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន ៣០ ប៊ីលានរៀល សម្រាប់ការដំឡើងរបបសោធនប្រចាំខែទាបបំផុត ជូនដល់និវត្តជន ដែលជាអតីត មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ក្នុងគោលដៅជួយគាំទ្រដល់ជីវភាពរបស់ពួកគាត់ ក៏ដូចជាសំដៅកាត់បន្ថយគម្លាត របបសោធនរបស់និវត្តជន រវាងអ្នកទទួលបានសោធនទាប និងអ្នកទទួលបានសោធនខ្ពស់, និងរវាងនិវត្តជនថ្មី និងនិវត្តជនចាស់។

សូមជម្រាបថា នៅឆ្នាំ២០២២ រាជរដ្ឋាភិបាល មានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាសរុបឲ្យស្ថិតក្នុងកម្រិតចំនួន ៣៤.៧ទ្រីលានរៀល ស្មើប្រមាណ៨.៥ពាន់លានដុល្លារត្រូវជា ២៧.៩៥%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៨.៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១៕