(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ពិសេសក្រុមគោលដៅដែលប្រឈមទៅនឹងហានិភ័យខ្ពស់ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ សូមអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យប្រចាំការចាក់វ៉ាក់សាំង នៅតាមមន្ទីរ ពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកដែលនៅជិតលំនៅដ្ឋាន ដើម្បីទទួលការពិគ្រោះយោបល់ និងការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។ នេះបើយោងតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តបានបន្ដថា ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដី១៩ និងអ្នកមានជំងឺប្រចាំកាយ ក្នុងខេត្តកំពង់ចាម ឱ្យបានជ្រាបថាបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» សំដៅបង្កើតឱ្យមានភាពស៊ាំ និងទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ បងប្អូនប្រជាពលរដ្ឋ និងកុមារមានអាយុចាប់ពី៦ឆ្នាំឡើង បានស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ យ៉ាងច្រើន ហើយក្នុងនោះក៏មានលោកយាយ លោកតាអាយុលើសពី ១០០ឆ្នាំ ក៏បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ប្រកបដោយសុវត្ថិភាព។

ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់បានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងកូវីដ១៩ នៅឡើយ ដោយសារបញ្ហាសុខភាព និងមូលហេតុផ្សេងៗ។

រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា តាមការបញ្ជាក់របស់ក្រសួងសុខាភិបាលអ្នកជំងឺកូវីដ១៩ ដែលបានស្លាប់កន្លងមកភាគច្រើនជាអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយស្ថានភាពជំងឺកូវីដ១៩ មានការវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរជាងអ្នកដែលទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងនោះក្រុមគោលដៅប្រឈម និងមានហានិភ័យខ្ពស់រួមមានប្រជាពលរដ្ឋដែលមានវ័យចាស់, ស្រ្តីមានផ្ទៃពោះ ឬបំបៅដោះកូនដោយទឹកដោះ, អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ មានរយៈពេលចាប់ពី ៤ខែឡើង ឬអ្នកដែលបានជាសះស្បើយពីជំងឺផ្សេងៗទៀត និងអ្នកមានជំងឺប្រចាំកាយ ប៉ុន្តែមានស្ថានភាពនឹងនរអាចគ្រប់គ្រងបាន។

បន្ថែមពីនេះទៀត រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋដែលនៅសេសសល់ មិនទាន់ចាក់វ៉ាក់សាំងកូវីដ១៩ និងក្រុមប្រឈមទៅនឹងហានិភ័យខ្ពស់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ ដើម្បីកាត់បន្ថយអត្រាការស្លាប់ដោយសារជំងឺកូវីដ១៩ និងបញ្ឈប់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកំពង់ចាម៖