(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានប្រកាសបើកឲ្យមានការផ្ដល់ឡើងវិញ នូវទិដ្ឋាការទេសចរណ៍ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរទូទៅអាចចូលមកម្ពុជាបាន បន្ទាប់ពីត្រូវផ្អាកដោយសារតែ ការរីករាលដាលនៃជំងឺកូវីដ១៩ តែត្រូវបន្តអនុវតន៍ ទៅតាមសេចក្តីសម្រេច របស់ក្រសួងសុខាភិបាលនៃកម្ពុជា។

យោងតាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ផ្ញើជូនអគ្គកុងស៊ុល និងកុងស៊ុលរបស់កម្ពុជា នៅបរទេលដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានឲ្យដឹងថា យោងលើការវិវឌ្ឍកាន់តែប្រសើរឡើងវិញ ជាបណ្ដើរៗ និងតាមដំណាក់កាល ជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយបានសម្រួលលក្ខខណ្ឌគោលការណ៍នៃការផ្ដល់ទិដ្ឋាការ និងរបបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដូចខាងក្រោម៖

១៖ បើកឲ្យមានការផ្ដល់ឡើងវិញ នូវទិដ្ឋាការទេសចរណ៍ដែលត្រូវបានផ្អាក ក្រោយវិបត្តិនៃជំងឺកូវីដ១៩ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរទូទៅ និងដាក់ឱ្យដំណើរការឡើងវិញ នូវគោលការណ៍លើកលែងទិដ្ឋាការ (Visa Exemption)។

២៖ ដាក់ដំណើរការឡើងវិញ នូវការស្នើសុំទិដ្ឋាការ តាមប្រព័ន្ធអេឡិចត្រូនិច (e-Visa) ដើម្បីសម្រួលដល់អ្នកដំណើរ ក្នុងការស្នើសុំទិដ្ឋាការចូលមកកម្ពុជា ប៉ុន្តែនៅបន្តផ្អាកការផ្តល់ទិដ្ឋាការ នៅពេលមកដល់ (Visa on Arrival)។

៣៖ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានកែសម្រួលលក្ខខណ្ឌធ្វើដំណើរការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

សូមជម្រាបថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពី លក្ខខណ្ឌធ្វើដំណើរ កាអនុវត្តវិធានសុខាភិបាល និងការចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានពេញលេញ ចូលមកកាន់កម្ពុជា ដូចខាងក្រោម៖

* ត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗ ចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស

* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង)

* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស និងដោយឡែក ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទ ដែលមិនបានចាក់វ៉ាក់សាំងកូវដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ៕