(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានបង្ហាញការយល់ឃើញរបស់ខ្លួនថា ការបោះពុម្ពរូបថតដែលជាព្រះឆាយាល័ក្ខណ៍ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន គង់ និងឈរលើរថយន្តរួមគ្នា កាលពី៣០ឆ្នាំមុននោះ លើក្រដាសប្រាក់៣០,០០០រៀល គឺជារឿងដ៏ត្រឹមត្រូវបំផុត ហើយមិនគួរដាក់នៅខាងក្រោយនោះឡើយ គួរតែដាក់នៅខាងមុខថែមទៀតផង។

លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ដូចនេះ នៅក្នុងវេទិកាតុមូលស្តីពី «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ។ វេទិកានេះបានជជែកច្រើនជុំវិញព្រឹត្តិការណ៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលានេះ។

ក្នុងឱកាសនោះ លោកបណ្ឌិត សុខ ទូច ក៏បានឆ្លៀតបង្ហាញទស្សនៈរបស់ខ្លួនជុំវិញការបោះពុម្ពរូបថតដែលជាព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន លើក្រដាសប្រាក់ថ្មីនេះ។ លោក សុខ ទូច បានលើកទិដ្ឋភាពចំនួន៣ មកបង្ហាញថា ការបោះពុម្ពរូបភាពនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ លើក្រដាសប្រាក់នេះជារឿងត្រឹមត្រូវ។

ទិដ្ឋភាពទី១ គឺការជួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ នៅប្រទេសបារាំង គឺសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជួបគ្នាក្នុងនាមជាប្រជាពលរដ្ឋខ្មែរ គង់ និងអង្គុយស្មើគ្នាលើកៅអីតែមួយ។ មិនបានជួបក្នុងឋានៈជាព្រះមហាក្សត្រ ឬជាតំណាងឱ្យរដ្ឋាភិបាលរដ្ឋកម្ពុជានោះឡើយ។

ទិដ្ឋភាពទី២ គឺសម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គដែលបានសម្របសម្រួល និងចរចាដើម្បីបញ្ចប់សង្គ្រាម ហើយទិដ្ឋភាពទី៣ គឺសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកដែលបានយកអំណាចរាជាថ្វាយសម្តេច នរោត្តម សីហនុ ឡើងវិញ ក្រោយពីបាត់បង់នៅឆ្នាំ១៩៧០។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែតុលា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចរាចរណ៍ក្រដាសប្រាក់ ៣០,០០០រៀល។ ក្រដាស់ប្រាក់នេះ បោះពុម្ពដើម្បីអបអរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប ៣០ឆ្នាំនៃការយាងរបស់សម្តេច នរោត្តម សីហនុ មកកាន់កម្ពុជាវិញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១។

ក្រដាសប្រាស់នេះ បានរំលេចព្រះឆាយាល័ក្ខណ៍សម្តេច នរោត្តម សីហនុ នៅផ្ទៃខាងមុខ ហើយផ្ទៃខាងក្រោយ បានដាក់រូបភាពដែលជាព្រះឆាយាល័ក្ខណ៍សម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន គង់ និងឈរលើរថយន្តរួមគ្នា ពេលសម្តេច នរោត្តម សីហនុ យាងចូលប្រទេសជាថ្មីនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១។

ក្នុងដំណើរយាងចូលប្រទេសវិញនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទៅដង្ហែព្រះករុណា សម្តេចព្រះនរោត្តម សីហនុ និងសម្តេចម៉ែ ផ្ទាល់ពីទីក្រុងប៉េកាំង មកកាន់ទីក្រុងភ្នំពេញ។ ដោយឡែកតាមរថយន្តពីព្រលានយន្តហោះពោធិ៍ចិនតុង ទៅកាន់ព្រះបរមរាជវាំង សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅលើរថយន្តជាមួយសម្តេចនរោត្តម សីហនុ ចំណែកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជិះរថយន្តជាមួយសម្តេចម៉ែ។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ថា ក្នុងថ្ងៃយាងចូលប្រទេសកម្ពុជានោះ សម្តេចប្រៀបបានអង្គរក្សដ៏មោះមុតម្នាក់ ដោយបានពាក់អាវក្រោះការពារគ្រាប់កាំភ្លើង ឈរយ៉ាងអង់អាចទន្ទឹមក្បែរព្រះអង្គជានិច្ច នៅពេលធ្វើដំណើរពីព្រលានយន្តហោះ ឆ្ពោះទៅព្រះបរមរាជវាំង។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ពេលនោះប្រសិនបើមានអ្វីកើតឡើងចំពោះព្រះអង្គ សម្តេចនឹងឱបព្រះអង្គដើម្បីការពារគ្រាប់កាំភ្លើងឱ្យបានជាដាច់ខាត។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «នៅថ្ងៃដែលព្រះអង្គយាងត្រឡប់មកកាន់មាតុភូមិវិញ កាលពីថ្ងៃទី១៤ វិច្ឆិកា ១៩៩១ កាលណោះក្នុងនាមខ្ញុំជាប្រមុខរដ្ឋាភិបាល នៃសម័យរដ្ឋកម្ពុជា និងព្រះអង្គក្នុងនាមប្រធាន SNC (ក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា) បានធ្វើដំណើរតាមយន្តហោះពីរដ្ឋធានីប៉េកាំង ប្រទេសចិន មកចូលក្នុង ប្រទេសកម្ពុជា, ហើយនៅមុនពេលយន្តហោះចុះចតប្រមាណ៣០នាទី ខ្ញុំបានចូលទៅក្នុងបន្ទប់ទឹកនៅលើយន្តហោះ ដើម្បីពាក់អាវក្រោះការពារគ្រាប់កាំភ្លើងពីខាងក្នុង គោលបំណងដើម្បីការពារព្រះអង្គ, ក្រោយចាកចេញពីយន្តហោះ ពោលនៅពេលព្រះអង្គគង់ប្រថាប់នៅលើរថយន្តក្បួនពីព្រលានយន្តហោះពោធិ៍ចិនតុង ឆ្ពោះទៅកាន់ព្រះបរមរាជវាំង ខ្ញុំនៅឈរទន្ទឹមក្បែរព្រះអង្គជានិច្ចប្រៀបបាននឹងអង្គរក្សម្នាក់របស់សម្តេចឪ ដែលប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើមានហេតុការណ៍អ្វីកើតឡើងភ្លាម ខ្ញុំនឹងឱបព្រះអង្គ ដើម្បីការពារព្រះអង្គឲ្យបានជាដាច់ខាត»