(បាត់ដំបង)៖ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងលោក អភិបាលរង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩នៅស្រុកសំពៅលូន។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានអញ្ជើញពិនិត្យមើលមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ស្ថិតនៅភូមិអូរចំណិត ឃុំសន្ដិភាព ស្រុកសំពៅលូន ដែលមានលទ្ធភាពអាចទទួលអ្នកជំងឺបានដល់ចំនួន១,៨៨០គ្រែ រួចលោកក៏បានបន្តពិនិត្យមើលមណ្ឌលចត្តាឡីស័កគីឡូ៩ នៅភូមិអូរល្វា ឃុំជ្រៃសីមា ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កបានចំនួន១,៨០០គ្រែ។

សូមបញ្ជាក់ថា មណ្ឌលព្យាបាលខាងលើនេះ ត្រូវបានក្រុមការងាររៀបចំទីកន្លែងបានយ៉ាងមានរបៀបរៀបរយ ក្នុងនោះក្រុមការងារបានរៀបចំបន្ទប់អនាម័យត្រឹមត្រូវល្អ កន្លែងលាងដៃ កន្លែងលេងកីឡា និងប្រព័ន្ធកាមេរ៉ាសុវត្ថិវភាពផងដែរ ចំណែកនៅឯមណ្ឌលចត្តាឡីស័ក ក្រុមការងារកំពុងតែរូតរះបន្តធ្វើឲ្យសម្រេចបានការសាងសង់ឲ្យបានកាន់តែឆាប់រហ័ស។

បន្ទាប់មកលោកអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យកូនភ្នំ៣២ រួចបានបន្តទៅត្រួតពិនិត្យស្ថានភាពច្រកទ្វារអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន និងច្រកទ្វារ អន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀង។ បន្ទាប់ពីចុះពិនិត្យស្ថានភាពច្រកទ្វារអន្តរជាតិដូងរួច លោកបានបន្តចុះពិនិត្យមណ្ឌលដែលកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ ស្ថិតក្នុងវិទ្យាល័យកំរៀង ស្រុកកំរៀងផងដែរ៕