(ភ្នំពេញ)៖ លោក ធឹម សំអាន រដ្ឋបាលខណ្ឌបឹងកេងកង បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះរៀបចំសណ្តាប់ធ្នាប់លើចិញ្ចើមផ្លូវ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃទី២ និងបន្តចុះត្រួតពិនិត្យការជួសជុសអ៊ុតកៅស៊ូ លើមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

លោក ធឹម សំអាន បានណែនាំឲ្យបងប្អូនអាជីវករ ដែលប្រកបមុខរបរលក់ដូរនៅតាមចិញ្ចើមផ្លូវខាងលើត្រូវយកចិត្តទុកដាក់ខ្ពស់លើអនាម័យ ពោលក្រោយពីលក់ដូររួច ត្រូវបោសសម្អាត ថែរក្សាអនាម័យ បរិស្ថានឲ្យបានល្អប្រសើរ ត្រូវវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវល្អ ចៀសវាងបោះចោលសំរាមពាសវាលពាសកាល ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន។

លោក ធឹម សំអាន បានបន្តណែនាំដល់បងប្អូនប្រជាជនទូទៅក្នុងមូលដ្ឋាន និងបងប្អូនអាជីវករ ត្រូវនាំគ្នាស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំនូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។

ដោយឡែកកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោកអភិបាលខណ្ឌ ក៏បានដឹកនាំកម្លាំងមន្ត្រី ចុះត្រួតពិនិត្យការដ្ឋានជួសជុស និងអ៊ុតកៅស៊ូ ផ្លូវមួយកន្លែងស្ថិតនៅបណ្តោយផ្លូវមុន្នីវង្ស និងផ្លូវលេខ៣១០ កែងផ្លូវមុន្នីវង្ស សង្កាត់បឹងកេងកងទី១ និងបឹងកេងកងទី៣ ខណ្ឌបឹងកេងកង។

លោកអភិបាលខណ្ឌ បានណែនាំអ្នកម៉ៅការជួសជុល ត្រូវធ្វើឲ្យមានគុណភាព និងសោភ័ណភាព ដែលធ្វើឲ្យទីក្រុងភ្នំពេញមានសភាពល្អស្អាតផងដែរ៕