(រតនគិរី)៖ អាជីវករជនជាតិដើមភាគតិច និងអាជីវករលក់ដូរនៅផ្សារបានលុង ក្រុងបានលុង ខេត្តរតនគិរី នឹងទទួលបានតូបលក់ដូរថ្មី ស្របតាមស្តង់ដា ដើម្បីបង្កើនសោភ័ណភាព បើទោះបីជាបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងបរិបទកូវីដ១៩ក៏ដោយ។ នេះបើតាមលោក ជួន សុផល តំណាងក្រុមហ៊ុន អន ចាន់ណា បញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតគិរី នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ។

លោក ជួន សុផល បានឱ្យដឹងថា ទីតាំងចាស់ដែលក្រុមអាជីវករលក់ដូរពីមុន គឺគ្មានតូបលក់ដូត្រឹមត្រូវ ព្រមទាំងលក់ក្រោមឆត្រគ្មានអនាម័យមានសំរាមគរ ប៉ុន្តែបច្ចុប្បន្ននេះ ប្រែជាមានតូបលក់ដូរដោយប្រក់ដំបូល ជាពិសេសមានបរិស្ថាន និងអនាម័យ រៀបចំសណ្តាប់ធ្នាប់បានយ៉ាងត្រឹមត្រូវ មិនធ្វើឱ្យព្រួយបារម្ភបញ្ហាភ្លៀង ឬខ្យល់កន្ត្រាក់បោក និងជះ កំដៅថ្ងៃដូចមុនទេ។

ជាមួយគ្នានេះដែរ លោកបានក៏ជម្រាបជូនអាជីវករចាស់យកឯកសារពាក់ព័ន្ធមានដូចជា៖ អត្តសញ្ញាណប័ណ្ណ និងប័ណ្ណគ្រួសារមកផ្ទៀងផ្ទាត់ជាមួយគណៈកម្មាការវិនិយោគផ្សារបានលុងជាមុនសិន បន្ទាប់ពីចូលលក់ដូរឡើងវិញ ដើម្បីជៀសវាងអាជីវករចាស់ បាត់តូបលក់ដូរ។

លោក ជួន សុផល បានបញ្ជាក់បន្ថែមថា៖ «ក្រុមហ៊ុនអន ចាន់ណាសហការជាមួយក្រុមហ៊ុនវិនិយោគផ្សារបានលុង បានខិតខំកែប្រែ និងកែលំអរហេដ្ឋារចនាសម្ព័ន្ធឱ្យមានអនាម័យ ព្រមទាំងបរិស្ថាន ឱ្យមានសណ្តាប់ធ្នាប់ ដើម្បីក្រុមអាជីវករចូលលក់ដូរកន្លែងតូបថ្មីមានអតិថិជនចេញ-ចូល ក្នុងផ្សារបានលុងច្រើន ហើយអាចបង្កើនចំណូលរបស់ពួកគាត់»

នៅក្នុងឱកាសនោះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខអាជីវករក្នុងផ្សារបានលុង ព្រមទាំងសន្យាដោះស្រាយបញ្ហាប្រឈមដែលជួបប្រទះកន្លងមក នាកាលពីថ្ងៃទី១៩ ខែតុលាឆ្នាំ ២០២១កន្លងទៅ។

អភិបាលខេត្តរតនគិរី បានជូនដំណឹងប្រាប់ក្រុមអាជីវករថា រាជរដ្ឋាភិបាលនឹងបើកសេដ្ឋកិច្ចទូទាំងប្រទេសឡើងវិញផងដែល ដើម្បីផ្តល់ឱកាសឱ្យបងប្អូនអាជីវករមានអតិថិជនចេញ-ចូល ទិញម្ហូបអាហារក្នុងផ្សារច្រើនជាងមុន និងអាចរកចំណូលបង្កើនសេដ្ឋកិច្ចគ្រួសារមួយកម្រិតបន្ថែមទៀត៕