(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ទៅកាន់ក្រសួងសុខាភិបាល និងអាជ្ញាធរនានា ឱ្យបែងចែករវាង អ្នកស្លាប់ដោយសារជំងឺកូវីដ និងអ្នកស្លាប់ដោយមូលហេតុផ្សេងៗ ឱ្យបានច្បាស់លាស់។

ការណែនាំបន្ថែមបែបនេះរបស់សម្តេចជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសដែល សម្តេចដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៣ ក្នុងនោះមានសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ផងដែរ។

កន្លងទៅ នៅក្នុងដំណាកកាលរាតត្បាតជំងឺកូវីដ១៩ ឱ្យតែមានប្រជាពលរដ្ឋណាម្នាក់ទទួលមរណភាព គឺមន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានចុះយកសំណាកពីសាកសព ដើម្បីស្វែងរកជំងឺកូវីដ១៩ ប្រសិនបើសាកសពណាមានវិជ្ជមានជំងឺកូវីដ១៩ អាជ្ញាធរនឹងមិនអនុញ្ញាតឱ្យធ្វើបុណ្យនោះទេ ដោយយកទៅបូជានៅតាមកន្លែងបូជាសាកសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩ ដែលអាជ្ញាធរបានរៀបចំតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រសួងសុខាភិបាល បានប្រកាសកាលពីម្សិលមិញ ដោយបញ្ឈប់យកសំណាកទៅលើសាកសពដែលស្លាប់នៅក្រៅមន្ទីរពេទ្យ ឬស្លាប់នៅក្នុងមន្ទីរពេទ្យ ប៉ុន្តែស្លាប់នៅក្រៅក្របខ័ណ្ឌជំងឺកូវីដ១៩ ព្រោះបើមិនអញ្ចឹងទេ ស្លាប់នៅតាមផ្ទះក៏ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ បើទោះបីអ្នកស្លាប់បែបណា រកឃើញស្លាប់ដោយសារកូវីដទាំងអស់។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំណុចនេះ មនុស្សដើរកាត់ភ្លៀងបន្តិចក៏ Rapid Test រកឃើញរោគសញ្ញាកូវីដ ព្រោះ Rapid Test គឺជាឧបករណ៍សម្រាប់រកមេរោគកូវីដ ដល់អញ្ចឹងទៅធ្វើតេស្តទៅវាចេញតែជំងឺកូវីដ ជាក់ស្តែងសាកសពស្លាប់ដែលមានអាយុ៩០ឆ្នាំហើយ ពេលធ្វើតេស្តទៅឃើញវិជ្ជមានជំងឺកូវីដទៀត។

សម្តេចតេជោ បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «អញ្ចឹងត្រូវបែងចែករកអ្នកស្លាប់ដោយសារជំងឺកូវីដពិតប្រាកដ និងអ្នកស្លាប់ដោយមូលហេតុផ្សេង ប៉ុន្តែធ្វើតេស្តចុងក្រោយគឺចេញវិជ្ជមានជំងឺកូវីដ ឱ្យតែធ្វើតេស្តទាំង១០០ គឺវិជ្ជមានជំងឺកូវីដទាំង១០០ តែម្តង អញ្ចឹងចំណុចនេះយើងពិសោធន៍បណ្តើរៗក្នុងការគ្រប់គ្រង់របស់យើង»

ជុំវិញករណីនេះ ដែលសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះ គឺមន្ត្រីសុខាភិបាលកម្ពុជា គ្រប់គ្រងបានល្អផងដែរ ជុំវិញការធ្វើតេស្តរកមេរោគកូវីដ១៩នេះ បន្ថែមពីនេះអភិបាលនៅតាមបណ្តាខេត្ត ក៏បានចូលរួមកិច្ចប្រជុំជាមួយសម្តេចដោយមានបបានជជែកគ្នាពីរបៀបគ្រប់គ្រងចាត់ចែង ដោះស្រាយបញ្ហាសាកសពជាដើម។

សូមជម្រាបថា ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ ចេញសេចក្តីសម្រេចថ្មីមួយស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះ ប្រកបដោយសុវត្ថិភាព។ សេចក្តីសម្រេចនេះ បានគូសបញ្ជាក់ថា សពអ្នកជំងឺទូទៅមិនតម្រូវឱ្យធ្វើតេស្តជំងឺកូវីដ១៩បន្តទៀតនោះឡើយ។

យោងតាមគោលការណ៍ការស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះ ដែលភ្ជាប់ជាមួយក្តីសម្រេចនេះ បានបញ្ជាក់ថា ការមិនតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ១៩ សម្រាប់អ្នកជំងឺទូទៅនេះ ដោយឈរលើមូលដ្ឋានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានវិសាលភាពធំធេងដោយសម្រេចបាន ៨៥.២២ភាគរយ នៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់៕