(ភ្នំពេញ)៖ គណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយ សម្តែងការអបអរសាទរដល់ខួបលើកទី៣០ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

បើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានចាត់ទុកខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសមិទ្ធផលដ៏ធំធេងជាច្រើន ពិតជាចេញពីមូលដ្ឋាននៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលត្រូវបានផ្តួចផ្តើមចេញពីព្រះរាជស្នាព្រះហស្តដ៏មហស្ចារ្យ នៃព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គទ្រង់មានព្រះរាជទេពកោសល្យពិសេស ឬព្រះបារមីដោយខិតខំទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្តអង្គការអន្តរជាតិ ជាពិសេសទ្រង់អាចប្រមែប្រមូលនូវភាគីទំនាស់គ្រប់និន្នាការនយោបាយ ឱ្យស្រុះស្រួជានានឹងគ្នា។

គណបក្សហ្វ៊ុនស៉ិនប៉ិច បានបញ្ជាក់ថា៖ «ព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម និងលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ត្រូវបានចារិកជាប្រវត្តិសាស្ត្រ និងផ្សព្វផ្សាយទុកជាការដាស់តឿន ក្រើនរំលឹកដល់កូនខ្មែរជំនាន់ក្រោយឱ្យមានការចងចាំគ្រប់ពេលវេលា និងកុំបណ្តែតបណ្តោយឱ្យប្រទេសជាតិធ្លាក់ក្នុងភ័យន្តរាយដូចកាលពីអតីតកាលជាថ្មីម្តងទៀត។ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពនេះ បានធ្វើឱ្យយើងទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ននេះ»

គណបក្សបានឱ្យដឹងថា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានបំពេញព្រះសកម្មភាពយ៉ាងខ្ជាប់ខ្ជួន ដើម្បីបម្រើព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ដោយគោរពតាមជានិច្ចនិរន្តរ៍ នូវព្រះរាជឱវាទ និងព្រះរាជតម្រិះព្រះវររាជបិតា ប្រកបដោយកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត។

ទន្ទឹមនឹងនេះ គណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា ក្រោមព្រះកិច្ចដឹកនាំ នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានក្លាយជានិមិត្តរូបនៃគ្រឹះសីមា នយោបាយជាតិ និងជាយុត្តាធិការនៃច្បាប់ជាតិ និងអន្តរជាតិក្នុងការការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារ និងគោរពសិទ្ធិមនុស្ស និងជាពិសេសការពារខឿនអធិបតេយ្យជាតិ និងបូរណភាពទឹកដី៕