(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ពិនិត្យលទ្ធភាពក្នុងការអនុវត្តគោលការណ៍បដិការជាមួយប្រទេសថៃ ដើម្បីឱ្យពលរដ្ឋ និងភ្ញៀវទេសចរ អាចឆ្លងកាត់ទៅមកដោយមិនបាច់ធ្វើចត្តាឡីស័ក។

ការថ្លែងបែបនេះរ បស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បន្ទាប់ពីសម្តេចបានទទួលរបាយការណ៍មួយបញ្ជាក់ថា ប្រទេសថៃអនុញ្ញាតឱ្យពលរដ្ឋ៤៥ប្រទេស អាចចូលទៅកាន់ប្រទេសរបស់ខ្លួនដោយមិនធ្វើចត្តាឡីស័ក ដោយក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងបេីសិនជាថៃចង់អនុវត្តផែនការនេះ យេីងអាចចាប់ផ្តេីមមានគោលការណ៍បរិការជាមួយថៃ ដែលយេីងទៅថៃក៏មិនឱ្យធ្វេីចត្តាឡីស័ក ឯថៃមកយេីងក៏មិនធ្វេីចត្តាឡីស័ក»

សម្តេចបានបន្តថា អញ្ចឹងនៅពេលដែលភ្ញៀវទេសចរទៅកាន់ប្រទេសថៃ គឺគាត់អាចមកលេងខ្មែរ ដែលកន្លងទៅយេីងអនុវត្តរួចទៅហេីយនូវលិខិតឆ្លងដែនមួយដេីរបាន២ប្រទេស។ សម្តេចបានស្នេីឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ពិចារណាមេីល ដេីម្បីចាប់យកឱកាសនេះ។

កម្ពុជាមានគម្រោងបើកប្រទេសឡើងវិញ នៅចុងឆ្នាំ២០២១នេះ បន្ទាប់ពីករណីឆ្លងនៅក្នុងប្រទេសបានថយចុះ ខណៈដែលការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសសរុបចំនួន ១៣,៦៤៣,៤១៥នាក់៕