(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល៣ខែកន្លងមកនេះ កម្ពុជាផលិតមាសបានជាង ៧០០គីឡូក្រាម។ នេះបើតាមលោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជានាំពាក្យរាជរដ្ឋាភិបាល។

លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេល៣ខែកន្លងមកនេះ កម្ពុជាផលិតលោហៈមាសបានជាង ៧០០គីឡូក្រាម»។

ការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី របស់ប្រទេសកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិខ្មែរ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ អំពីជោគជ័យកម្ពុជាក្លាយជាប្រទេសផលិតមាសជាលើកដំបូង សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជារំពឹងមានលទ្ធភាពទទួលបានរ៉ែមាស អាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។

អាជីវកម្មរ៉ែមាសនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យម១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។

លោក អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ថា ចាប់ពីពេលចាប់ផ្ដើម ការចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុន Renaissance Minerals រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុននេះ ចម្រាញ់រ៉ែមាស បានចំនួន ៧៤៧.៣១គីឡូក្រាម។

លោកថា ក្រុមហ៊ុននេះបានដាក់លិខិតស្នើសុំ ក្នុងការនាំចេញមាសចំនួន១២ជើងរួចហើយ ស្មើនឹង៥៥៥.៧៤គីឡូក្រាម គិតជាដុំមាស៤៨ដុំ ដើម្បីយកទៅបន្សុទ្ធ ជាមាសទឹក៩៩.៩៩% នៅប្រទេសអូស្ត្រាលី។ គិតរហូតមកដល់ពេលនេះ កម្ពុជាទទួលបានចំណូលសួយសារជាង៦៦ម៉ឺនដុល្លារ ពីក្រុមហ៊ុនវិនិយោគ Renaissance Minerals លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។

ក្រៅតែពីមានការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីហើយនោះ ក្រុមហ៊ុន Renaissance Minerals ក៏កំពុងបើកប្រតិបត្តិការរុករករ៉ែមាស តំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំផងដែរ៕