(ភ្នំពេញ)៖ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ និងជាអនុប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានដឹកនាំក្រុមការងារយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផងដែរ មកឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមានជំងឺ និងជួបការខ្វះខាតងាយរងគ្រោះ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ បន្ទាប់ពីលោកស្រី ដឹកនាំក្រុមការងារដដែលនេះ ចុះពិនិត្យ និងជម្រុញក្រុមការងារសម្របសម្រួល នៃដំណើរការតាមមណ្ឌលចាក់វ៉ាក់សាំង (វត្តឧត្តរាវត្តី) ឱ្យបន្តគោរពវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ក្នុងការបម្រើជូនប្រជាពលរដ្ឋ។

សកម្មភាពសមធម៌ ចំពោះការឧបត្ថម្ភអំណោយដល់ប្រជាពលរដ្ឋ ដែលមានជំងឺ និងជួបការខ្វះខាតងាយរងគ្រោះ របស់អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ និងការចុះពិនិត្យជម្រុញក្រុមការងារសម្របសម្រួល នៃដំណើរការតាមមណ្ឌលចាក់វ៉ាក់សាំង ឱ្យបន្តគោរពវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ សម្រាប់បម្រើជូនប្រជាពលរដ្ឋនេះ ក៏មានការចូលរួមផងដែរ ពីបណ្តាញសមាគមនារីសង្កាត់ ស្ថិតក្នុងក្រុមទី០៦ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក និងស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២១។

អនុប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ នៅតែបន្តទទូចឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរៀនរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ-១៩ បន្ទាប់ពីលោកស្រីអភិបាលរងខណ្ឌរូបនេះ បានដាស់តឿនបន្ថែមទៀត ឱ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ រួចហើយក៏ដោយ សូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានជាប់ជានិច្ច ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត និងប្រកបដោយព្រហ្មវិហារធម៌ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា៕