(ភ្នំពេញ)៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំពិធីផ្សព្វផ្សាយការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធានប្តូរវេនពីប្រទេសប្រុយណេ។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារអនុគណៈកម្មការខ្លឹមសារ និងឯកសារ។

កិច្ចប្រជុំនេះ មានការចូលរួមពីមន្ត្រីតំណាងក្រសួង-ស្ថាប័ន ជាសមាជិកអនុគណៈកម្មការនានា ចំណុះគណៈកម្មការអន្តរក្រសួងរៀបចំកិច្ចប្រជុំ ADMM 2022 សរុបចំនួន៩៥នាក់ តាមប្រព័ន្ធវីដេអូ។ ពិធីផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅដោយមានការចាក់ផ្សាយនូវសារគន្លឹះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ADMM 2022។

ខ្លឹមសារកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាប្រធានរួមមាន៖ មូលបទអាទិភាព ពិនិត្យមើលឯកសារ ទស្សនទាន, ឯកសារពិភាក្សា និងតារាងប្រតិទិន សម្រាប់ការប្រុងប្រៀប កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ដែលគ្រោងនឹងប្រារព្ធធ្វើទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធាននេះ នឹងជ្រើសរើសយកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន៕