(ភ្នំពេញ)៖ នាឱកាសកម្មវិធីបើកសន្និសីទសម្ពន្ធភាពកិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍មេគង្គ-ឡានឆាង និងវេទិកាអភិបាលក្រុងមេគង្គ-ឡានឆាងស្តីពីវប្បធម៌ និងទេសចរណ៍ ជាលក្ខណៈដោយផ្ទាល់ និងតាមរយៈ Video Conference នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍កម្ពុជា ក៏បានចូលរួមអបអរសាទរសន្និសីទ និងវេទិកានេះផងដែរ។

សន្និសីទ និងវេទិកាអន្តរជាតិថ្នាក់តំបន់នេះក៏មានថ្លែងសុន្ទរកថាបើករបស់លោក ទូ ជាំង (Du Jiang) អនុរដ្ឋមន្រ្តីវប្បធម៌ និងទេសចរណ៌ចិន និងមានការចូលរួមដោយផ្ទាល់ពីឯកអគ្គរដ្ឋទូត/រាជទូត អគ្គកុងស៊ុលនៃប្រទេសសមាជិកមេគង្គ-ឡានឆាង អ្នកជំនាញទេសចរណ៍ចិន និងចូលរួមតាមរយៈ Video Conference ពីតំណាងទីក្រុងសមាជិកសម្ពន្ធភាពកិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍មេគង្គ-ឡានឆាង និងអ្នកជំនាញទេសចរណ៍នៃប្រទេសជាសមាជិកសរុបប្រមាណ២០០នាក់។

តាមរយៈសម្ពន្ធភាពកិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍មេគង្គ-ឡានឆាង ទីក្រុងជាសមាជិកនីមួយៗនឹងមានឱកាសបន្ថែមទៀតទៅលើការអភិវឌ្ឍន៍វិស័យទេសចរណ៍ ហេដ្ឋារចនាសម្ពន្ធទ្រទ្រង់ ក៏ដូចជាបង្កើតយន្តការបន្ថែមទៀតក្នុងការជំរុញចលនាទេសចររវាងទីក្រុងសមាជិកនៃសម្ព័ន្ធភាពនេះ។ សម្ពន្ធភាពនេះនឹងរៀបចំឲ្យមានកិច្ចសន្ទនាជារៀងរាល់ឆ្នាំ តាមរយៈព្រឹត្តការណ៍ផ្សេងៗជាប្រចាំរបស់ខ្លួនដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងដាក់ចុះនូវយុទ្ធសាស្រ្ត និងទិសដៅថ្មីក្នុងការស្តារវិស័យទេសចរណ៍ក្នុងតំបន់មេគង្គ-ឡានឆាងឡើងវិញ។

គួរបញ្ជាក់ថា ក្នុងចំណោមប្រទេសជាសមាជិកនៃប្រទេសមេគង្គ-ឡានឆាង មានតែកម្ពុជាប៉ុណ្ណោះដែលត្រូវបានផ្តល់កិត្តិយសចាក់បញ្ចាំង និងអានសារលិខិតអបអរសាទររបស់រដ្ឋមន្រ្តីទេសចរណ៍ អំឡុងពេលពិធីបើកព្រឹត្តិការណ៍នេះ។

ក្នុងសារលិខិតអបអរសាទរនោះ លោករដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍បានបង្ហាញពីការចាប់ផ្តើមដំណើរការនៃសម្ពន្ធភាព ខណៈប្រទេសសមាជិកកំពុងដំណើរការរៀបចំបើកសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ។ ដូច្នេះ វាជាពេលវេលាសមស្របដ៏ល្អមួយក្នុងការទាញផលប្រយោជន៍កើតចេញសម្ពន្ធភាពនេះ ដើម្បីការស្តារឡើងវិញលើគ្រប់វិស័យ ជាពិសេសជំរុញឲ្យមានចលនាទេសចរ និងបម្លាស់ទីរបស់ប្រជាជនឡើងវិញឆ្ពោះទៅអនាគតប្រកបដោយភាពធន់នឹងវិបត្តិ។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់បញ្ចូលរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ ជាសមាជិកសម្ពន្ធភាពកិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍មេគង្គ-ឡានឆាង រួមជាមួយទីក្រុងសមាជិកនៃប្រទេសមេគង្គ-ឡានឆាងដទៃទៀត ស្របតាមស្មារតីកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ កាលពីសីហា ឆ្នាំ២០២០ ក្នុងក្របខណ្ឌនៃការជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជនក្នុងតំបន់មេគង្គ-ឡានឆាង តាមយន្តការនៃសហប្រតិបត្តិការទីក្រុងទេសចរណ៍ដែលមានសក្តានុពល៕