(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានថ្លែងថា មានទំព័រអត្ថបទមួយ បានប្រើប្រាស់ស្លាកសញ្ញា របស់ក្រសួងសុខាភិបាល ដោយគ្មានការអនុញ្ញាត ហើយដូចនេះហើយ លោកស្រីបានអំពាវនាវឲ្យមហាជន ឈប់ចែកចាយព័ត៌មាន ចេញពីទំព័រនោះទៀត។

លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះ «ក្រសួងសុខាភិបាល សូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា ទំព័រអត្ថបទដែលមានប្រើស្លាកសញ្ញា (Logo) ក្រសួងសុខាភិបាលដោយមិនមានការអនុញ្ញាត បានផ្សព្វផ្សាយព័ត៌មានតាំងពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដូចដែលមានភ្ជាប់ជូនមកជាមួយនេះ គឺមិនមែនជាការ ចុះផ្សាយរបស់ក្រសួងសុខាភិបាលជាផ្លូវការ នោះឡើយ។ ដូច្នេះសូមបងប្អូនបញ្ឈប់ការ ចែកចាយបន្តគ្នានូវព័ត៌មានរបស់ទំព័រនេះ ដែលមិនមែនជាទំព័រផ្លូវការរបស់ក្រសួងសុខាភិបាល។ ក្រសួងសូមប្រកាសមិនទទួលស្គាល់ទំព័រនេះទេ»

សូមជម្រាបថា ការចេញមុខមកអំពានាវរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល ដោយសារតែទំព័រទំព័រអត្ថបទនោះ បង្កឲ្យមហាជនយល់ច្រឡំថា ទំព័រនោះជាបណ្តាញផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល៕