(កំពត)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានបន្ដអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។

ក្នុងនោះក៏មានការចូលរួមពី លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងមន្ដ្រីពាក់ព័ន្ធផងដែរ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលាខេត្តកំពត។

របាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពត បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងដូសទី១ សម្រេចបានដូចខាងក្រោម៖

* ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ចាក់បានចំនួន ៣៤៤,៧៦៣នាក់ ស្មើ៨៩.០៩ភាគរយ នៃផែនការសរុប៣៨៦,៩៤៨នាក់។ ក្នុងនោះពុំទាន់បានចាក់ចំនួន ៤២,១៨៥នាក់ ស្មើ១០.៩១ភាគរយ។

* កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន៦៦,១០៩នាក់ ស្មើ ៨៤.០០ភាគរយ នៃផែនការសរុប៧៨,៧០០នាក់។ ក្នុងនោះអ្នកមិនទាន់បានចាក់ ចំនួន១២,៥៩១នាក់ ស្មើ១៦ភាគរយ។

* កុមារ អាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចាក់បានចំនួន៧៧,២០៥នាក់ ស្មើ១១០.៨២ភាគរយ នៃផែនការសរុប៦៩,៦៦៨នាក់។ លើសផែនការ ចំនួន ៧,៥៣៧នាក់ ស្មើ១០.៨២ភាគរយ។ ជារួមប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសទី១រួច ចំនួន៤១០,៨៧២នាក់ ស្មើ៨៨.២៤ភាគរយ នៃផែនការសរុប៤៦៥,៦៤៨ នាក់ ក្នុងនោះអ្នកពុំទាន់ បានចាក់ចំនួន៥៤,៧៧៦នាក់ ស្មើ១១.៧៦ភាគរយ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ខេត្តកំពត គឺជាខេត្តចុងក្រោយគេដែលបានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដូច្នេះមានន័យថា នៅទូទាំងប្រទេសកម្ពុជា បានប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

បើតាមលោកស្រី ឱ វណ្ណឌីន ការបិទយុទ្ធនាការនេះមិនមែនមានន័យថា រាជរដ្ឋាភិបាលបញ្ឈប់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនោះទេ។ សម្រាប់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង កាលពីអំឡុងយុទ្ធនាការនោះ អាចទៅទទួលយកនូវការចាក់វ៉ាក់សាំងនៅតាមទីតាំង ដែលអាជ្ញាធរមូលដ្ឋានបានរៀបចំទុកជាអចិន្ដ្រៃយ។

ជាមួយនឹងលទ្ធផលសម្រេចបាននៅទូទាំងប្រទេស ក្នុងការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩នោះ លោកស្រី ឱ វណ្ណឌីន ក៏នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋ មិនត្រូវអាងលើវ៉ាក់សាំង ហើយភ្លេចវិធានសុខាភិបាលនោះទេ ពោលវិធានការ៣ការពារ និង៣កុំ ត្រូវតែបន្ដអនុវត្តដដែល ហើយបូកជាមួយវ៉ាក់សាំង ទើបយើងអាចយកឈ្នះលើជំងឺ១៩បាន៕

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ម្សិលមិញ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៦៣៤,៤៥៨នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៩៦៣,៣៤៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៧៩,៥២៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៨៩១,៥៨២នាក់៕