(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសតែងតាំង អធិការនគរបាលថ្មី ស្រុកអន្លង់វែង ដោយលោកវរសេនីយ៍ទោ ស៊ូ នូវ ត្រូវបានតែងតាំងជាអធិការថ្មី ជំនួសលោកវរសេនីយ៍ឯក ស៊ឹម វណ្ណះ ដែលត្រូវបានតែងតាំងជាស្នងការរងទទួលផែនគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក លោកមេឃុំ លោកស្នងការរង, លោកនាយ-នាយរងការិយាល័យបុគ្គលិក, នាយ-នាយរង និងមន្រ្តីចំណុះអធិការដ្ឋាន, លោកមេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង លោក លោកស្រីមន្រ្តីរាជការស្ថាប័នពាក់ព័ន្ធជុំវិញស្រុកអន្លង់វែង។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ក្រៅពីការចូលរួមអបអរ ក៏បានណែនាំដល់លោកអធិការនគរបាលស្រុកអន្លង់វែងថ្មី ត្រូវខិតខំបំពេញភារកិច្ចដោយការទទួលខុស ត្រូវពិសេសគឺការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីប្រសិទ្ធិភាពក្នុងការដឹកនាំ ជាមួយគ្នានេះត្រូវខិតខំបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន របស់ខ្លួនឱ្យមានប្រសិទ្ធិភាព ពិសេសបទល្មើសគ្រឿងញៀន បទល្មើសល្បែងស៊ីសងជាដើម។

បន្ថែមនៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានប្រគល់រថយន្តសារ៉ែន ចំនួន ០១គ្រឿង ផ្តល់ជូនអង្គភាពអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ជាការកត់សម្គាល់ពិធីប្រកាសតែងតាំងមុខតំណែងអធិការ នៃអធិការដ្ឋានននគរបាលស្រុកអន្លង់វែង ត្រូវបានធ្វើឡើងដោយអនុវត្តតាមវិធានសុខាភិបាល សម្រាប់សមាជិក សមាជិកា ដែលចូលរួមផងដែរ៕