(ភ្នំពេញ)៖ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ស្ថានីយ៍ប្រេង PTT នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ បានយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកស្ថានីយ៍ខាងលើ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។ ការធ្វើអត្តឃាតដោយខ្លួនឯងនេះ សមត្ថកិច្ចបញ្ជាក់ថា ដោយសារវិបត្តិក្នុងគ្រួសារ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបញ្ចប់ជីវិតខ្លួនឯងដោយប្រើប្រាស់អាវុធខ្លីនេះឈ្មោះ ឡី សុក្រិត អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ស្ថានីយ៍ប្រេង PTT រស់នៅទីតាំងកើតហេតុខាងលើ។ នៅកន្លែងកើតហេតុ ក្នុងបន្ទប់ទឹកសមត្ថកិច្ចឃើញមាន កាំភ្លើងខ្លីចំនួន០១ដើម ម៉ាក់ ZORAKI 2914-T, បង់ចំនួន០១ មានគ្រាប់ចំនួន០៧គ្រាប់, សំបកកាទុសចំនួន០១គ្រាប់ និងក្បាលគ្រាប់ចំនួន០១។

តាមការពិនិត្យកោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន បញ្ជាក់ថា សពរងគ្រោះឈ្មោះ ឡី សុក្រិត គឺស្លាប់ដោយធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងពិតប្រាកដ ដោយបាញ់ចំសៀតថ្កាខាងស្តាំ ធ្លាយមកខាងឆ្វេងចំនួន០១គ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗ។

យ៉ាងណាមិញ បើតាមសាក្សីរស់នៅជាមួយគ្នា បានឲ្យដឹងថា ក្នុងរយៈពេលប្រហែល១ខែកន្លងមកនេះ ជនរងគ្រោះមានវិបត្តិក្នុងគ្រួសារ និងមិនសូវនិយាយស្ដីអ្វីឡើយ ហើយតែងតែនៅក្នុងបន្ទប់ម្នាក់ឯង។ លុះដល់ថ្ងៃកើតហេតុវេលាម៉ោងប្រហែល៧៖១០នាទីព្រឹក នៅពេលដែលសាក្សីមកពីហាត់ប្រាណវិញ មិនឃើញជនរងគ្រោះនៅក្នុងបន្ទប់ ក៏ទៅរកមើលក្នុងបន្ទប់ទឹក ឃើញស្លាប់នៅក្នុងបន្ទប់ទឹកតែម្ដង។

បន្ទាប់ពីពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕