(កំពត)៖ លោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង ចំនួន៤នាក់បន្ថែមទៀតហើយ នៅខេត្តកំពត ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅប្រគល់ជូនលោកតា លោកយាយ ដល់ខ្នងផ្ទះនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។

លោកតា លោកយាយ ទាំង៤នាក់ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នោះរួមមាន៖

*ទី១៖ លោកយាយ ឆុង កែវ អាយុ១០០ឆ្នាំ រស់នៅភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត
*ទី២៖ លោកយាយ ទូច នៅ អាយុ១០២ឆ្នាំ រស់នៅឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
*ទី៣៖ លោកតា ឡាយ ហៀង អាយុ១០១ឆ្នាំ រស់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត
*ទី៤៖ លោកតា គុយ អ៊ាង អាយុ១០៦ឆ្នាំ រស់នៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ និងមូលហេតុអ្វីដែលជំរុញឲ្យរូបគាត់ ទៅទទួលយកនូវការចាក់វ៉ាក់សាំង។

ទាំងលោកតា និងលោកយាយដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។

ពួកគាត់បានបង្ហាញនូវការយល់ឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺពិតមានជាសារៈសំខាន់ខ្លាំងណាស់សម្រាប់គាត់ បើទោះបីរូបគាត់ចាស់ជរាក៏ពិតមែន ប៉ុន្ដែវ៉ាក់សាំងអាចការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ បើទោះបីរូបគាត់ឆ្លងដោយប្រការណាមួយ ក៏មិនបណ្ដាលឲ្យឈឺធ្ងន់ធ្ងរនោះដែរ។

សូមជម្រាបថា រហូតមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ក្នុងនាមជាសេនាធិការជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោកស្រី ឱ វណ្ណឌីន បាននាំយកអំណោយមនុស្សធម៌របស់សម្ដេច ផ្ដល់ជូនលោកតា លោកយាយ ដែលមានអាយុ១០០ឆ្នាំឡើង បានសរុបចំនួន១៤៩នាក់៕