(ខេត្តបន្ទាយមានជ័យ)៖ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះ ចុះអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង១០០គ្រួសារ រស់នៅក្នុងភូមិប៉ោយប៉ែត ភូមិក្បាលកោះ ស្ថិតក្នុងសង្កាត់ ប៉ោយប៉ែត និងភូមិផ្សារកណ្តាល ភូមិគីឡូម៉ែត្រលេខ៤ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល នៃក្រុងប៉ោយប៉ែត ដែលបានរងគ្រោះដោយទឹកជំនន់។

ក្នុងសកម្មភាពចុះអន្តរាគមន៍នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក៏មានការចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ, លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត, លោកចៅសង្កាត់ កងកម្លាំង និងក្រុមការងារពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក ប៉ាន់ខែម ប៊ុនថន ក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការគិតគូរដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមការងារ ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋផ្ទាល់។

លោក ប៉ាន់ខែម ប៊ុនថន ក៏បានរំលឹកឱ្យក្រុមការងារគ្រប់ផ្នែកបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងការទទួលខុសត្រូវឱ្យមានប្រសិទ្ធភាព ដើម្បីអាចគ្រប់គ្រងស្ថានការណ៍ទាំងមូល និងសម្រេចជោគជ័យលើបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋ។ លោកក៏បានស្នើឱ្យក្រុមការងារចុះអន្តរាគមន៍ទាំងអស់ ត្រូវតែយកការជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋ គឺជាអាទិភាពការងារមុនគេបំផុតនិងអនុវត្តឱ្យមានប្រសិទ្ធភាព។

លោក អុ៊ំ រាត្រី ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះអន្តរាគមន៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារជួយជម្លៀសប្រជាពលរដ្ឋ និងកុំភ្លេច ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ព្រមទាំងត្រូវចូលរួមដាស់តឿនប្រជាពលរដ្ឋ ឱ្យអនុវត្តន៍វិធានការការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីសុខុមាលភាពផ្ទាល់ខ្លួន និងសុខុមាលភាពសង្គមផងដែរ។

លោក អុ៊ំ រាត្រី ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តតាមដានស្ថានភាពទឹកគ្រប់ពេល ហើយត្រូវត្រៀមសម្ភារៈ គ្រឿងឧបភោគបរិភោគ ទីកន្លែងសុវត្ថិភាព និងកងកម្លាំងអន្តរាគមន៍ត្រូវត្រៀមគ្រប់ពេល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕