(កំពង់ចាម)៖ ឧកញ៉ា ឡូវ ហ៉ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ បាននាំអំណោយរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាម៉ាស់ និងថវិកាប្រមាណ ២៣,៥០០ដុល្លារ ផ្តល់ជូនភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្រាប់់ការអភិវឌ្ឍន៍ទៅលើការងារផ្សេងក្នុងភូមិ។

បើយោងតាមការគូសបញ្ជាក់របស់ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានឱ្យដឹងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និងឧកញ៉ា ឡូវ ហ៉ឺង សូមសូមចងចាំទុកជាប្រវត្តសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយដ៏ថ្លៃថ្លាបានឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែ មានប្រវែង ៧,៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច។

ឧកញ៉ា ឡូវ ហ៉ឺង ក៏បានជម្រាបជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានទៀតថា ផ្លូវបេតុងនេះក្រោយពីស្ថាបនារួចនឹងជួយសម្រួលពេលវេលាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋលើសពីនេះទៀត នៅអមសង្ខាងផ្លូវ និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវដោយប្រព័ន្ធស៊ូលឡាផងដែរ។

ឧកញ៉ា ឡូវ ហ៉ឺង បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបាននាំសន្តិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះប្រជាពលរដ្ឋឱ្យរួចផុតពីសេចក្តីស្លាប់ក្នុងរបបវាលពិឃាត រហូតមកដល់ពេលនេះបានធ្វើឱ្យប្រទេសជាតិកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច ជាមធ្យម៧ភាគរយ ក្នុងមួយឆ្នាំៗ ដែលធ្វើឱ្យការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជាប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណៈភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ។

បន្ថែមពីនេះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺកូវីដ១៩។

អំណោយរបស់ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាម៉ាស់ និងថវិកាប្រមាណ ២៣,៥០០ដុល្លារ ដែលផ្តល់ជូនភូមិខ្ទឹង សម្រាប់ការអភិវឌ្ឍន៍ដោយមានការចូលរួមពីឧកញ៉ា ឡូវ ហ៉ឺង ឧបត្ថម្ភ២០,០០០ដុល្លារ, ឧកញ៉ា ជា លាងហុង និងភរិយា ២,០០០ដុល្លារ និងឧកញ៉ា អ៊ែល សារ៉ុម និងភរិយា ១,៥០០ដុល្លារ៕