(ភ្នំពេញ)៖ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ដឹកនាំដោយលោក Michael W. Michalak អនុប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃវិនិយោគគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា «កន្លងមក មិនទាន់មានក្រុមហ៊ុនរបស់អាមេរិកណាមួយ ចូលរួមដេញថ្លៃគម្រោងសាងសង់នៅឡើយទេ សូម្បីតែផ្លូវជាតិលេខ៤ ដែលអាមេរិកបានសាងសង់កាលពីទសវត្សរ៍ឆ្នាំ៦០ក៏ដោយ»។ លោករដ្ឋមន្រ្តីបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់អាមេរិកចូលរួមដេញថ្លៃ និងដាក់ទុនវិនិយោគនៅក្នុងការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានគុណភាពរឹងមាំ។

ជំនួបពិភាក្សាការងារខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូពីចំងាយ ដោយមានការចូលរួមពីតំណាងមកពីក្រុមហ៊ុនចំនួន១៣ អមគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ដែលជាសមាជិករបស់ក្រុមប្រឹក្សា រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ថែមពីការស្នើនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីវឌ្ឍនភាពការងារ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសគម្រោងសាងសង់ និងពង្រីកផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ពីពីរគន្លងទៅបួនគន្លង និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ក្រចេះ) គម្រោងសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (ព្រំដែនកម្ពុជា-វៀតណាម) គម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវ៣៤ ខ្សែនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅពេលកម្ពុជាបើកប្រទេសសារជាថ្មីឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ផងដែរ។

លោក Michael W. Michalak និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានថ្លែងអំណរគុណលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជន រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងផងដែរ៕