(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីស្ថានភាពជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ថ្នាក់ខេត្ត ដោយមានការចូលរួមពីថ្នាក់អភិបាលរងខេត្ត អភិបាលក្រុង.ស្រុក ប្រធានមន្ទីរសុខាភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធនានាជុំវិញខេត្តចូលរួមផងដែរ។

លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត បានឡើងរាយការណ៍អំពីស្ថានភាពជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ព្រមទាំងលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ការព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ រដ្ឋ ឯកជន នៅតាមផ្ទះ ចំនួនអ្នកស្លាប់ និងការបូជាសពស្លាប់ដោសារជំងឺកូវីដនាពេលកន្លងមក។

នៅក្នុងកិច្ចប្រជុំនោះលោក សុខ លូ បានក៏ណែនាំមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវបូកសរុបលទ្ធផលការងារកូវីដ១៩ ទាំងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ រដ្ឋ ឯកជន នៅតាមផ្ទះ ចំនួនអ្នកស្លាប់ និងការបូជាសពស្លាប់ដោសារជំងឺកូវីដជាក់ស្តែង។

លោក សុខ លូ បានបញ្ជាក់ថា ក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ថ្នាក់ខេត្តនៅតែបន្តអនុវត្តការងារនេះ បន្ថែមទៀតអ្វីដែលជាបទពិសោធន៍ល្អ និងមានចំណុចខ្វះខាត យើងត្រូវកែប្រែធ្វើឱ្យបានល្អកាន់តែប្រសើឡើងវិញ។

ជាមួយគ្នានេះដែរ លោកបានណែនាំឲ្យពិភាក្សាស្វែងរកដំណោះស្រាយក្នុងការត្រៀមលក្ខណៈការរៀបចំបើកសាលា ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀនវិញ ក្នុងពេលឆាប់ៗនេះ ឡើងវិញក្នុងជំហានទី២នេះ តាមការកំណត់ របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកថា ក្រុមការងារថ្នាក់ខេត្តត្រៀមសម្អាតដោយសម្លាប់មេរោគកូវីដ១៩ ដែលកន្លងបានយកសាលារៀនមួយចំនួនមកធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងធ្វើជាមណ្ឌលធ្វើចត្តាឡីស័ក ដោយសម្អាតមណ្ឌលទាំងអស់នោះ ហើយប្រគល់ជូនមន្ទីរអប់រំវិញ ដើម្បីផ្តល់ឱ្យសិស្សបានចូលរៀនវិញ ជាបន្តបន្ទាប់តាមជំហានៗ ព្រមទាំងកំណត់ឱ្យសិស្សគ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលចូលរៀនត្រូវពាក់ម៉ាស់ជាប្រចាំ និងត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» និងវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនជានិច្ច។

លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ដែលបានសហការគ្នា និងខិតខំធ្វើការងារនេះកន្លងមកបានល្អប្រសើ និងជំរុញបន្តធ្វើកិច្ចការប្រឆាំងទប់ស្កាត់កូវីដ១៩ ព្រមទាំងការងារលើគ្រប់វិស័យផងដែរ៕