(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបញ្ចប់វិធានការរដ្ឋបាល និងបម្រាមគោចរ ក្នុងខេត្តជាបណ្ដោះអាសន្ន នៅក្នុងភូមិសាស្ត្រខេត្ត។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រាល់សកម្មភាព មុខរបរ និងអាជីវកម្មរមនីយដ្ឋាន សួនកម្សាន្ត សារមន្ទីរ ក្លឹបហាត់ប្រាណ អាចដំណើរការឡើងវិញបានដោយតម្រូវឱ្យអនុវត្តវិធានការសុខាភិបបាលចាំបាច់នានា និងវិធានការ «៣កុំ និង៣ការពារ» ឱ្យបានត្រឹមត្រូវ ដោយរៀបចំឱ្យមានទឹកអាល់កុល ឬជែលសម្រាប់លាងដៃ ធ្វើការវាស់កម្តៅ នៅមុខច្រកចូល ជាពិសេសត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥ម៉ែត្រ៕