(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ អមដំណើរដោយអភិបាលរងខេត្ត នាយករដ្ឋបាលសាលខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក ចំនួន៤ទីតាំង ក្នុងក្រុងស្ទឹងសែន ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយក្នុងការត្រៀមលក្ខណៈការរៀបចំបើកសាលា ដើម្បីឲ្យសិស្សានុសិស្សបានចូលរៀនវិញក្នុងពេលឆាប់ៗនេះ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

លោក ងួន រតនៈ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងស្តាប់នូវរបាយការណ៍វឌ្ឍនភាព រួចមកលោកអភិបាលខេត្តកំពង់ធំ បានជំរុញ ណែនាំដល់មន្ត្រីពាក់ព័ន្ធត្រូវរៀបចំក្រុមការងារបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ បន្ទាប់ពីអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលត្រូវបានប្តូរទៅធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលនៅអគារសិក្សារបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន ដែលក្រុមការងារបានរៀបចំកន្លងមក។

ជាមួយគ្នានោះដែរលោក ងួន រតនៈ បានណែនាំដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ត្រូវពិនិត្យការរៀបចំដឹកជញ្ជូនសម្ភារផ្សេងៗ ដែលសល់ពីកន្លែងចត្តាឡីស័កចេញពីសាលាឲ្យអស់ ជាពិសេស ត្រូវរៀបចំសំអាតបរិស្ថានទាំងក្នុងបន្ទប់ និងទីធ្លាជុំវិញខាងក្រៅសាលា គ្រប់សព្វទីកន្លែងទៀតផង។

ទន្ទឹមជាមួយគ្នានោះអភិបាលខេត្ត បន្ដទៅពិនិត្យការសាងសង់រូបសំណាក់ខ្ញុំស្រឡាញ់កំពង់ធំ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅសួនច្បារតាមដងស្ទឹងសែន។

សូមបញ្ជាក់ផងដែរថា កន្លងទៅនេះ រដ្ឋបាលខេត្ត បានយកសាលារៀនធ្វើជាមណ្ឌលចត្តាឡីស័កចំនួន ៤ទីតាំង ក្នុងក្រុងស្ទឹងសែន ក្នុងនោះរួមមាន៖ មណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ មណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែនបល្ល័ង្ក មណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាអនុវត្តអាចារ្យលាក់ មណ្ឌលចត្តាឡីស័កវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ៕