(រតនគិរី)៖ បន្ទាប់ពីទទួលបានតួនាទីថ្មី ជាអភិបាលខេត្តរតនគិរីរួចមក, លោក ញ៉ែម សំអឿន ត្រូវបានគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សម្រេចផ្ទេរតំណែងជាប្រធានគណៈកម្មាធិការបក្សខេត្ត ជំនួសលោក ថង សាវុន ដែលត្រូវបានផ្ទេរទៅទទួលមុខតំណែងថ្មី ជាអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណបក្សខេត្ត។

ពីធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១ នៅស្នាក់ការគណបក្សខេត្ត ក្នុងសាលប្រជុំលោកព្រឹទ្ធាចារ្យ ប៊ូ ថង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍ គណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងសមាជិក សមាជិកាជាច្រើនរូប។

លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី បានប្តេជ្ញាថាលោកនឹងខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អ, ខិតខំធ្វើការអភិវឌ្ឍន៍ឱ្យរីកចម្រើនបន្ថែមទៀត ស្របតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំគណបក្សខេត្ត និងអង្គការចាត់តាំងគណបក្សគ្រប់លំដាប់ថ្នាក់ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកសេសើរដល់ស្នាដៃអភិវឌ្ឍន៍របស់លោក ថង សាវុន ដែលធ្វើឱ្យខេត្តរតនគិរី មានការរីកចម្រើនគួរកត់សម្គាល់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្តាំផ្ញើលោក ញ៉ែម សំអឿន ដែលចូលមកកាន់តំណែងជាប្រធានគណៈកម្មការគណៈបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ត្រូវបន្តការងារខិតខំប្រឹងប្រែងធ្វើឱ្យខេត្តរតនគិរី កាន់តែមានការរីកចម្រើនបន្តទៀត។

ក្នុងនោះផងដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស, កម្មវិធីនយោបាយ, គោលការណ៍គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស, ច្បាប់របស់រដ្ឋ, ចាត់តាំងអនុវត្តឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ខ្ជាប់គោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវភាគតិចគោរពភាគច្រើន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានជំរុញឱ្យសមាជិក សមាជិកាបក្ស ពិនិត្យបញ្ជីចុះឈ្មោះបោះឆ្នោត, ធ្វើអត្តសញ្ញាណប័ណ្ណដល់អ្នកគ្រប់អាយុដើម្បីឈានទៅរកភាពជោគជ័យទៅថ្ងៃខាងមុខ។

បន្ថែមពីនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានជំរុញដល់សមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ ឃុំ ស្រុក ក្រុង សហការ សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អរក្សា សមាជិកចាស់ហើយបន្តពង្រីកកម្លាំងថ្មី ឱ្យមានការគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជាកាន់តែច្រើន និងត្រូវរៀបចំផែនការសកម្មភាព ដើម្បីសម្រេចឱ្យបាននូវគោលនយោបាយគណបក្ស និងត្រូវរៀចំផែនការសកម្មភាព ដើម្បីសម្រេចឱ្យបានគោលនយោបាយគណបក្ស និងរាជរដ្ឋាភិបាលតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលចែងថាគណបក្សប្រជាជន ជាអ្នកបម្រើប្រជាជនមិនមែនចៅហ្វាយនាយរបស់គាត់នោះទេ៕