(ភ្នំពេញ)៖ មណ្ឌលចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ចំនួន៤ទីតាំងបន្ថែមទៀត និងចាប់ផ្ដើមបើកដំណើរការចាក់ជូនបង-ប្អូនប្រជាពលរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបានការរីករាលដាលឆ្លងជំងឺកូវីដ-១៩ (ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភះ) នៅខណ្ឌឫស្សីកែវ ចាប់ពីព្រឹកស្អែកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ តទៅ។

នេះបើតាមលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានលើកឡើង បន្ទាប់ពីលោក ជាមួយក្រុមការងារ បានចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

បើតាមលោក ឯក ឃុនដឿន តាមរយៈឧកញ៉ា ភឿន ផល្លា លោកបាននាំយកថវិកា ចំនួន ២,០០០,០០០រៀល របស់ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌ មកឧបត្ថម្ភជូនលោក-លោកស្រី នៃរដ្ឋបាលសង្កាត់ ចំនួន៤ផងដែរ ដើម្បីសម្របសម្រួលដល់ក្រុមការងារគ្រូពេទ្យ និងកងទ័ព នៃដំណើរការមណ្ឌលចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ចំនួន៤ទីតាំងបន្ថែមទៀត សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបានការរីករាលដាលឆ្លងជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភះ រួមមាន៖ (មណ្ឌលចាក់វ៉ាក់សាំងវត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ-មណ្ឌលសាលាបឋមសិក្សាឫស្សីកែវ-មណ្ឌលចាក់វ៉ាក់សាំងវត្តទួលសន្តិវ័ន្ត ហៅវត្តទួលអស់លោក-មណ្ឌលចាក់វ៉ាក់សាំងសាលាបឋមសិក្សាចំរើនរដ្ឋ)៕