(បន្ទាយមានជ័យ)៖ កម្មវិធីស្បៀងអាហារពិភពលោក បានផ្តល់ថវិកាសរុប ១.៣២លានដុល្លាអាមេរិក ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំងឺកូវីដ១៩ និងទឹកជំនន់ចំនួន ១១,០០០គ្រួសារ មកពីក្រុង/ស្រុកទាំង៩ នៅក្នុងខេត្តបន្ទាយមានជ័យ។ ជំនួយថវិកានេះ ប្រើសម្រាប់ទ្រទ្រង់ជីវភាពពលរដ្ឋរងគ្រោះទាំង ១១,០០០គ្រួសារនេះ រយៈពេល៣ខែ។

ពិធីប្រកាសផ្តល់ជំនួយជាថវិកានេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ នៅលើតំបន់ផ្លូវវៀងក្រុង ឃុំបត់ត្រង់ ស្រុកមង្គលបូរី។ ពិធីនេះះមានការចូលរួមពីលោក គីម វីរៈ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាតំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយជ័យ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ និងលោកស្រី ក្លែ កូណាន់ តំណាង និងជានាយិការកម្មវិធីស្បៀងអាហារពិភពលោកនៅកម្ពុជា។

ថវិកាជាជំនួយដល់ប្រជាពលរដ្ឋរងគ្រោះនៅខេត្តបន្ទាយមានជ័យ មានការគាំទ្រថវិកាពីរដ្ឋាភិបាលអាល្លឺម៉ង់ (giz) ជំនួយពីអង្គការ USAID។ ក្រៅពីការផ្តល់ជំនួយជាសាច់ប្រាក់ហើយនោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា ក៏កំពុងបន្តសហការគ្នា ដើម្បីពង្រឹងសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដូចជាការពង្រឹងសមត្ថភាពមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ក្រោមជាតិ។ តាមរយៈការពង្រឹងលើការរៀបចំ និងអនុវត្តផែនការត្រៀមបម្រុង ពង្រឹងប្រព័ន្ធគ្រប់គ្រងព័ត៌មានគ្រោះមហន្តរាយ នឹងការជូនដំណឹងជាមុន និង ការសម្របសម្រួលជាមួយដៃគូរអភិវឌ្ឍន៍និងភ្នាក់ងាមនុស្សធម៌នានា។ល។

សូមបញ្ជាក់ថា គិតចាប់ពីទឹកជំនន់ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ការផ្តល់ជំនួយសាច់ប្រាក់ដល់គ្រួសារដែលមានជីវភាពខ្វះខាតដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តចំនួន៥ រួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង បន្តាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ គឹមានទឹកប្រាក់ជាង ៦លានដុល្លាអាមេរិក៕