(កំពង់ធំ)៖ ដោយក្ដីអាណិតអាសូរក្នុងភាពមនុស្សធម៌ និងក្នុងនាមជាអាជ្ញាធរមូលដ្ឋានដែលតែងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋផងនោះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានចុះសួរសុខទុក្ខស្ត្រីម្នាក់ដែលសម្រាលបានកូនភ្លោះ៣នាក់ ព្រមទាំងឧបត្ថម្ភថវិកាចំនួន ២លានរៀល សម្រាប់ចាត់ចែងចាយវាយតាមតម្រូវការ។

គួរជម្រាបថា នាវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ស្ត្រីឈ្មោះ ផាត សុភេន អាយុ២២ឆ្នាំ បានសម្រាលបានទារិកាភ្លោះចំនួន ៣នាក់ នៅមណ្ឌលសុខភាពប្រតោង។ ស្ត្រីជាម្ដាយមានទីលំនៅភូមិសៀមរាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ដោយសារក្រោយពេលសម្រាល ស្ថានភាពទារិកាមិនសូវល្អប្រសើរ គ្រូពេទ្យជំនាញក៏បានបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ប៉ុន្តែដោយទារិកាកើតមកមិនគ្រប់ខែ ហើយសុខភាពមិនល្អផងនោះ គ្រូពេទ្យក៏បានបញ្ជូនទៅស្ត្រីជាម្ដាយ និងទារិកាទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំបន្ត។

ក្នុងពេលចុះសួរសុខទុក្ខស្ត្រីជាម្ដាយ និងទារិកា លោកអភិបាលស្រុកតាំងគោកបានសួរសុខទុក្ខ និងលើកទឹកចិត្តដល់ស្ត្រីជាម្ដាយ ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០ រៀលជូនដល់ស្ត្រីជាម្ដាយ សម្រាប់ទុកចាត់ចែងប្រើប្រាស់ក្នុងពេលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំនោះ ព្រោះដោយដឹងថាស្ថានភាពគ្រួសារស្ត្រី ផាត សុភេន មានការលំបាក (មានប័ណ្ណក្រីក្រ) រីឯប្តីក៏ជាប់ធ្វើការនៅឯឆ្ងាយ។

បើតាមលោកអភិបាលស្រុក ទារិកាទាំង៣នាក់នោះ មានឈ្មោះ៖
១៖ ឈឿន តុលា
២៖ ឈឿន បុប្ផា
៣៖ ឈឿន សុខា

ជាការពិតណាស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុកកូនភ្លោះ៣ និងកូនភ្លោះ៤ ជាចៅរបស់សម្ដេចទាំងអស់ ដែលសម្ដេចទាំងទ្វេតែងតែមានការស្រលាញ់អាណិត និងមានការឧបត្ថម្ភផ្គត់ផ្គង់ជាបន្តបន្ទាប់ផងដែរ។

លោកអភិបាលស្រុកតាំងគោកក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យផងដែរ ដែលបានជួយសម្រាលទារិកានេះដោយជោគជ័យ និងមានការយកចិត្តទុកដាក់យ៉ាងល្អចាប់ពីមណ្ឌលសុខភាពប្រតោង មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក រហូតដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ៕