(ស្ទឹងត្រែង)៖ លោក ឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង អភិបាលស្រុក និងសហការី នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានចូលរួមពិធីបុណ្យសព លោក ស្រេង បូរ៉ា អនុប្រធានការិយាល័យហិរញ្ញកិច្ច នៃទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្តស្ទឹងត្រែង ត្រូវជាកូនបង្កើតរលោក ផាន់ ម៉េងឈឿន សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នៅវត្តលើ ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

នាឱកាសនោះ លោក ឡូយ សុផាត លោកអភិបាលខេត្ត និងលោកប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំខេត្ត បានសម្តែងនូវការចូលរួម រំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោក ផាន់ ម៉េងឈឿន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់នូវកូនជាទីស្រឡាញ់។ លោកតំណាងរាស្ត្រ ក៏បានជូនលិខិតរំលែកទុក្ខ ដោយបានចូលបច្ច័យបុណ្យសពចំនួន ៤០ម៉ឺនរៀល ដែលជាថវិកាផ្ទាល់របស់លោក និង លោកអភិបាលខេត្ត ក៏បានជូនលិខិតរំលែកទុក្ខ និងថវិការបស់រដ្ឋបាលខេត្ត ចំនួន ២ លានរៀល ដើម្បីចូលរួមបុណ្យសព។

បន្ទាប់មក ថ្នាក់ដឹកនាំខេត្ត ក៏បានបន្តអញ្ជើញចូលរួមពិធីបុណ្យសព្វលោកយាយ សុង ប៊ុណ្ណារី ត្រូវជាម្តាយបង្កើតរបស់លោក ផាន់ យុត អភិបាលស្រុក សៀមប៉ាង នៅគេហដ្ឋានសព្វ ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

នាឱកាសនោះ ថ្នាក់ដឹកនាំក៏បានសម្តែងនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោក ផាន់ យុត និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់នូវម្តាយ ម្តាយក្មេកជាទីស្រឡាញ់។ លោកតំណាងរាស្ត្រក៏បានជូនលិខិតរំលែកទុក្ខ ដោយបានចូលបច្ច័យបុណ្យសពចំនួន ៤០ម៉ឺនរៀល ដែលជាថវិកាផ្ទាល់របស់ លោក និង លោកអភិបាលខេត្ត ក៏បានជូនលិខិតរំលែកទុក្ខ នឹង ថវិការបស់រដ្ឋបាលខេត្ត ចំនួន ១ លានរៀល ដើម្បីចូលរួមបុណ្យសព៕