(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែតុលា ឆ្នាំ២០២១នេះ។

លោក ជា ពិសី អភិបាលខណ្ឌទួលគោក ត្រូវបានប្រកាសភារកិច្ចជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោក ហើយលោក ឯក ឃុនឌឿន អភិបាលខណ្ឌឬស្សីកែវ ត្រូវបានប្រកាសផ្ទេរភារកិច្ចជាអភិបាលខណ្ឌឬស្សីកែវវិញ។

នៅក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស បានផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខ ត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។ ដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ ចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ។ អ្នកដឹកនាំត្រូវធ្វើភាពជាគម្រូ ដល់អ្នកដែលនៅក្រោមការដឹកនាំរបស់យើង ក្នុងនោះគម្រូអនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាពរស់នៅ ក្នុងការងារសាមគ្គីភាពឯកភាពផ្ទៃក្នុង និងគោរពអង្គការវិន័យរបស់បក្ស។

លោកបានបន្ថែមថា ការដឹកនាំល្អ ត្រូវគោរព និងអនុវត្តន៍ឱ្យបានត្រឹមត្រូវ របបធ្វើការងាររបស់គណបក្ស នោះគឺប្រជុំសន្និបាត ចុះមូលដ្ឋាន ត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ ហើយត្រូវចងចាំថា សូមកុំមើលរំលងរបបមួយណាឱ្យសោះ។

លោកក៏បានផ្តាំផ្ញើឱ្យជម្រុញសមាជិក សមាជិការបស់បក្ស ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ធ្វើអត្តសញ្ញាណប័ណ្ណដល់អ្នកដែលគ្រប់អាយុ ដើម្បីឈានទៅរកភាពជោគជ័យទៅថ្ងៃខាងមុខ៕