(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) សហការជាមួយនឹងរដ្ឋាភិបាលសិង្ហបុរី តាមរយៈស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពី «Economic Diplomacy: The making of economic and trade policy strategies» សម្រាប់មន្ត្រីកម្ពុជាចំនួន៣០នាក់ មកពីស្ថាប័នផ្សេងៗ។

កម្មវិធីនេះ បាបធ្វេីឡេីងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងដោយមានការចូលរួមពីមន្ត្រីស្ថានទូតសិង្ហបុរី គ្រូបណ្តុះបណ្តាលនៃក្រសួងការបរទេសសិង្ហបុរី និងមន្រ្តីកម្ពុជា សរុបប្រមាណជាង ៤០នាក់។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងពីគោលនយោបាយពាណិជ្ជកម្ម ប្រព័ន្ធពាណិជ្ជកម្មពហុភាគីក្រោមអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការប្រើប្រាស់សេរីភាវូបនីយកម្មក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីប្រកួតប្រជែង និងធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក និងការប្រើប្រាស់បច្ចេកទេសនៃការចរចាសេដ្ឋកិច្ច ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចកម្ពុជា។

លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស ត្រូវបានកំណត់ជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការទូត និងកិច្ចការការបរទេស តាមរយៈវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពជាមួយនឹងចំណេះដឹងនិងជំនាញថ្មីៗ។

លោកបានបញ្ជាក់ថា ជាពិសេសពាក់ព័ន្ធ នឹងវិស័យការទូតសេដ្ឋកិច្ច ដូចមានចែងនៅក្នុង «យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» ដែលទើបត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីដើមឆ្នាំ២០២១នេះ៕