(ភ្នំពេញ)៖ គណៈកម្មការជំនាញរដ្ឋសភា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ ចំពោះឥស្សរជនដែលកាន់តំណែងប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានស្នើឡើងដោយរាជរដ្ឋាភិបាល។

កិច្ចពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ ដឹកនាំដោយ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា, លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងលោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្រ្តីផងដែរ។

សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុង ក្នុងប្រជុំពេញអង្គ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ហើយបានបញ្ជូនបន្តទៅកាន់រដ្ឋសភា កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភា ទទួលយក ក្រោយបេីកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ហេីយរដ្ឋសភា បានប្រគល់ជូនគណៈម្មការទី១ របស់ខ្លួន ដេីម្បីពិនិត្យ និងសិក្សា។

ក្នុងការកែប្រែលើកនេះ ច្បាប់កំពូលរបស់ជាតិ ត្រូវបានរៀបចំធ្វើវិសោធនកម្ម ត្រង់ចំណុច មាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែម។ បណ្តាក្រសួង ស្ថាប័ន សមាគម គណបក្សនយោបាយជាច្រើន បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំវិសោធនកម្មកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយសម្រាប់ អ្នកកាន់តំណែងកំពូលទាំង៤នេះ ដោយពួកគេយល់ថា ដើម្បីភាពស្មោះត្រង់ និងឧត្តមប្រយោជន៍សម្រាប់ជាតិខ្មែរ៕