(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលស្ថិតក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាននោះ នឹងរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ អាស៊ាន-ឥណ្ឌា លើវិស័យវិប្បធម៌ និងសិល្បៈ ហើយកិច្ចប្រជុំក៏នឹងពិភាក្សាសំណើ របស់ភាគីឥណ្ឌាផងដែរ។។

នាឱកាសខាងមុខនោះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ នឹងថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូ ហើយនឹងមានការចូលរួមពីសំណាក់ ឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ និងដៃគូសន្ទនាអាស៊ាន រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូអាស៊ាន-ឥណ្ឌាលើវិស័យវិប្បធម៌និងសិល្បៈ ហើយកិច្ចប្រជុំក៏នឹងពិភាក្សាសំណើរបស់ភាគីឥណ្ឌាផងដែរ។

កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា នឹងផ្តោតទៅលើការលើកកម្ពស់វឌ្ឍនភាពវប្បធម៌និងសិល្បៈអាស៊ាន ដែលជាគ្រឹះមួយនៃសក្ដានុពលសហគមន៍អាស៊ាន ការកសាងភាពសុខដុមរមនា ក្នុងចំណោមប្រជាជាតិអាស៊ាន ការលើកស្ទួយស្មារតីភាពជាម្ចាស់ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អាស៊ាន ការពង្រីកការយល់ដឹងផ្នែកវប្បធម៌ពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការជំរុញវិសាលភាពនៃការផ្សព្វផ្សាយអំពីវប្បធម៌ ការច្នៃប្រឌិត នវានុវត្តន៍ ការបង្កើនជីវភាពរស់នៅក្នុងការកសាងសហគមន៍អាស៊ានឆ្ពោះ ទៅរកការអភិវឌ្ឍរួមប្រកបដោយចីរភាព។

កិច្ចប្រជុំខាងលើនឹងពិគ្រោះពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន ដូចជា៖

១៖ ពិនិត្យលើវឌ្ឍនភាពការងារ នៃកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យវប្បធម៌និងសិល្បៈ រួមមាន ផែនការយុទ្ធសាស្ត្រអាស៊ាន សម្រាប់វិស័យវប្បធម៌និងសិល្បៈ ឆ្នាំ២០១៦-២០២៥ ការលើកស្ទួយសកម្មភាពវប្បធម៌អាស៊ាន ក្នុងបរិបទនៃការរីករាលដាលនៃជំងីកូវីដ សៀមរាបទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២០-២០២២ និងបញ្ជីបេតិកភណ្ឌវប្បធម៌អាស៊ាន។

២៖ អង្គប្រជុំនឹងពិនិត្យលើឯកសារមួយចំនួន រួមមាន សេចក្តីព្រាងសេចក្ដីប្រកាសសៀមរាប ស្តីពីការលើកកម្ពស់ការច្នៃប្រឌិត និងសម្របខ្លួនទៅនឹងសហគមន៍អាស៊ាន ដើម្បីគាំទ្រដល់វប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត សេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីការបង្កើតមជ្ឈមណ្ឌលសម្រាប់វប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត វេទិកាធុរកិច្ចនវានុវត្តអាស៊ាន គំនិតផ្ដួចផ្ដើមរបស់កម្ពុជាសម្រាប់សកម្មភាពវប្បធម៌ អាស៊ានឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ សេចក្តីព្រាងផែនការសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការជាមួយ ដៃគូសន្ទនាអាស៊ាន រួមមាន អាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-កូរ៉េខាងត្បូងលើវិស័យវប្បធម៌និងសិល្បៈ សម្រាប់ឆ្នាំ២០២២-២០២៥ និងវេទិកាទំនាក់ទំនងរវាងអាស៊ាន-ឥណ្ឌា៕