(ពោធិ៍សាត់)៖ បន្ទាប់ពីឡើងកាន់តំណែង មិនទាន់បាន៥ថ្ងៃពេញផងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ មានចក្ខុវិស័យចាប់ផ្តើមដំបូង លើការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវគ្រប់ផ្លូវទាំងអស់ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ មុននឹងឈានដល់ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
ជាក់ស្តែងគេសង្កេតឃើញថា ក្រុមការងារសហការដោយមន្ទីររ៉ែ និងថាមពល និងក្រុមហ៊ុន ណារ៉េត លីមីធីត អភិវឌ្ឍន៍អគ្គិសនី បាននិងកំពុងរៀបចំតម្លើងប្រព័ន្ធខ្សែបណ្តាញភ្លើងថ្មី និងបំពាក់អំពូលឆ្លាតវៃ LED ដើម្បីងាយស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរនាពេលយប់ ជាពិសេសបង្កើនការទាក់ទាញផ្នែកទេសចរណ៍ទៀតផង។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ។
លោកអភិបាលរងខេត្តរូបនេះ បានបញ្ជាក់បន្ថែមថា ជំហានដំបូងរបស់លោក ជាវ តាយ លោកបានគិតថា អំពូលប្រហែលជាង៥០០អំពូល អាចនឹងតម្លើងគ្រប់គ្រាន់នៅតាមផ្លូវនានា តែប្រសិនបើមិនគ្រប់ទេនោះ លោកនឹងបន្ថែមឱ្យគ្រប់ចំនួនតាមតម្រូវការ ធ្វើយ៉ាងណាឱ្យទីប្រជុំជនក្រុងពោធិ៍សាត់មានភាពទាក់ទាញ និងស្រស់បំព្រង។ ដោយឡែកជុំវិញបញ្ហាផ្លូវ ក្នុងទីប្រជុំក្រុងពោធិ៍សាត់ បន្ទាប់ពីរៀបចំប្រព័ន្ធលូរំដោះទឹកកខ្វក់នោះរួចរាល់ នៅដើមរដូវប្រាំងខាងមុខ រដ្ឋបាលខេត្តនឹងចាប់ផ្តើមក្រាលកៅស៊ូ DBST និងចាក់ប៉េតុងនៅជុំវិញតំបន់ផ្សារថ្មីផងដែរ។
ការសម្រេចរៀបចំបំពាក់អំពូលភ្លើងខាងលើនេះ ធ្វើឡើងក្រោយពីលោក ជាវ តាយ និងលោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ បានចុះត្រួតពិនិត្យដោយផ្ទាល់ហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវនានា ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់៕