(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២0 (the 20th ASEAN Economic Community Council Meeting) ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដឹកនាំដោយលោកបណ្ឌិត Awang Haji Mohd Amin Liew Bin Abdullah រដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីទី២នៃក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចព្រុយណេ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានទាំងអស់ រដ្ឋមន្ត្រីឌីជីថលអាស៊ាន ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក្នុងនាមជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានជម្រាបដោយសង្ខេបជូនអង្គប្រជុំអំពីគោលដៅយុទ្ធសាស្ត្រ និងសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables–PEDs) ដែលកម្ពុជាបានត្រៀមសម្រាប់ឆ្នាំ២០២២ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏បានរៀបចំឱ្យមានជំនួបរវាងក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីឌីជីថលអាស៊ាន ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការបង្កើតឱ្យមាននូវសង្គតិភាពរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តរបៀបវារៈនៃបរិវត្តកម្មឌីជីថលរបស់អាស៊ាន។

កិច្ចប្រជុំខាងលើ ក៏បានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៦ចំណុច រួមមាន៖ (១) វឌ្ឍនភាពនៃសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables – PEDs) ក្រោមភាពជាប្រធានអាស៊ានរបស់ព្រុយណេក្នុងឆ្នាំ២០២១, (២) អនុសាសន៍របស់របាយការណ៍ពាក់កណ្តាលអាណត្តិនៃផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥, (៣) របាយការណ៍របស់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានជូនកិច្ចប្រជុំពូលអាស៊ានលើកទី៣៨ និង៣៩, (៤) ការត្រៀមដើម្បីរៀបចំឯកសារចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥, (៥) ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ និង (៦) ភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២៕