(ភ្នំពេញ)៖ គ្រប់ព្រឹត្តិការណ៍ទាំងអស់ដែលកើតឡើងជារៀងរាល់ថ្ងៃ មិនមែនសុទ្ធតែមានតម្លៃស្មើនឹងព័ត៌មាន ដែលអ្នកសារព័ត៌មានត្រូវលើកយកមកសរសេរទាំងអស់ទេ។ នេះជាការពន្យល់របស់ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (FTC) ទៅកាន់សិក្ខាកាម នៃវគ្គបណ្តុះបណ្តាលជំនាញ សរសេរព័ត៌មាន ជំហានទី១ នៅក្នុងអង្គភាពព័ត៌មាន Fresh News កាលពីចុងសប្តាហ៍មុន។

ក្នុងវគ្គបណ្តុះបណ្តាលនេះ លោក ម៉ារ យ៉ារិទ្ធ ក្នុងនាមជាអ្នកជំនាញសារព័ត៌មានជើងចាស់ជាង៣០ឆ្នាំ បានលើក យកមេរៀនមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មានដំណឹងក្តៅ (Spot news) មកបង្ហាញ ដែលមូលដ្ឋានគ្រឹះនៃការ សរសេរព័ត៌មាននេះ ត្រូវប្រើប្រាស់រូបមន្ត «5W1H» (Who, What, Where, When, Why, and How) ដែលមាន ន័យថា នរណាកើតអ្វី? មានរឿងអ្វីកើតឡើង? កើតឡើងនៅពេលណា? កើតឡើងនៅទីណា? ហេតុអ្វីបាន កើតឡើង? កើតឡើងដោយរបៀបម៉េច? ជាដើម។

បន្ទាប់ពីបា នបង្ហាញអំពីមូលដ្ឋានគ្រឹះ លោក ម៉ារ យ៉ារិទ្ធ បានពន្យល់ផងដែរនូវអ្វីជាព័ត៌មាន។ លោកបញ្ជាក់ថា៖ «បើយើងសួរសំណួរថា អ្វីទៅជាព័ត៌មាន? នោះយើងនឹងមានចម្លើយថា ព័ត៌មានបានកើតឡើងចេញមកពីព្រឹត្តិ ការណ៍។ ព្រឹត្តិការណ៍ដែលកើតឡើងទាំងអស់ មិនមែនសុទ្ធតែជាព្រឹត្តិការណ៍ដែលតម្លៃរបស់វាស្មើនឹងព័ត៌មាន នោះទេ។ យើងត្រូវចេះជ្រើសរើសនូវព្រឹត្តិការណ៍ណាដែលតម្លៃរបស់វាស្មើនឹងព័ត៌មាន»។ លោកបានប្រាប់សិក្ខា កាមថាព្រឹត្តិការណ៍ដែលតម្លៃវាស្មើនឹងព័ត៌មាន គឺនឹងត្រូវពឹងផ្អែកលើក្រសែភ្នែកដ៏មុតរបស់អ្នកសារព័ត៌មាន យោងតាមទ្រឹស្តី News Value ដែលនឹងមានយ៉ាងហោចជិត១០ចំណុច។ ទ្រឹស្តី News Value នឹងត្រូវបង្រៀន ដល់សិក្ខាកាមក្នុងចុងសប្តាហ៍ដែលជិតមកដល់នេះ។

លោក ម៉ារ យ៉ារិទ្ធ បានជំរុញឱ្យអ្នកសារព័ត៌មាន ចេះបែងចែកប្រភេទព្រឹត្តិការណ៍ក្នុងការយកមកសរសេរជាព័ត៌ មាន ដើម្បីបំពេញតម្រូវការដល់អ្នកអានរបស់ខ្លួន ហើយគួរចៀសវាងនូវការសរសេរព័ត៌មានណាដែល មិន មានភាពចាំបាច់។

សូមបញ្ជាក់ដែរថា មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ។ FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកធ្លាប់ជាអ្នកបណ្តុះបណ្តាល និងប្រឡូកក្នុងវិស័យ សារ ព័ត៌មានអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

ព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានរូបនេះ ធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះលោកក៏បានចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំស្ថាប័នសារព័ត៌មាន ជាច្រើន រហូតអ្នកសារព័ត៌មានជាច្រើនបានផ្ដល់រហ័សនាមជូនលោកថា «អាត់ជួង» នៅកម្ពុជាផងដែរ។

សម្រាប់វគ្គបណ្តុះបណ្តាលលើកដំបូងរយៈពេល៣ខែនេះ មានសិក្ខាកាមជាបុគ្គលិក Fresh News ប្រមាណ៣០រូបចូលរួម ហើយក្រោយបញ្ចប់វគ្គសិក្សា ពួកគេនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយអង្គភាពព័ត៌មាន Fresh News ហើយមានការទទួលស្គាល់ពីអង្គភាពជំនាញ និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ : 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ 092 322 334