(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញមកធ្វើការបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមហ្វេសប៊ុកថា នៅខាងមុខរោងចក្រអគ្គិសនី ខណ្ឌឬស្សីកែវ មានជនល្មើសចងខ្សែភ្លើងដើម្បីទាក់ប្លន់យកម៉ូតូ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គណនីហ្វេសប៊ុកមួយឈ្មោះថា Chan Sambok បានផ្សាយព័ត៌មានមិនពិតថា ជិតវត្តទួលអស់លោក យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្រុមក្មេងពាលបានចងខ្សែភ្លើងកាត់ទទឹងផ្លូវ៩០៧ ដើម្បីសម្លាប់យកម៉ូតូ និងមានអ្នកលេងបណ្តាញសង្គមមួយចំនួនយកព័ត៌មាននេះទៅផ្សាយ និងចែករំលែកបន្ត ដោយពុំបានដឹងអំពីរឿងហេតុច្បាស់លាស់។

បន្ទាប់ពីបានទទួលព័ត៌មានអំពីករណីនេះភ្លាម សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង និងបានបញ្ជាក់ថា តាមពិតមិនមែនជាករណីចងខ្សែភ្លើងកាត់ទទឹងថ្នល់ ប្លន់យកម៉ូតូនោះទេ ជាប្រភេទខ្សែភ្លើង (ខែ្សអ៉ិនធើណែត) ដែលដាច់ធ្លាក់មួយចំហៀងចុះក្រោមក្បែរផ្លូវ ហើយទីតាំងខាងលើស្ថិតនៅមុខរោងចក្រអគ្គីសនី ផ្លូវលេខ៩៩ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងអញ្ជើញឈ្មោះ ច្រឹង សុមនោ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះលេខ៧F ផ្លូវបេតុង ក្រុមទី១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីធ្វើការបំភ្លឺ និងចង្អុលបង្ហាញកន្លែងកើតហេតុ។

អ្នកជិះម៉ូតូទាក់ខ្សែភ្លើងផ្ទាល់ បានប្រាប់ថា នៅយប់ម៉ោង ០១:០០នាទី កណ្តាលអាធ្រាត្រ រូបខ្លួនបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះមិត្តភ័ក្ត្រនៅបុរីលឹមឈាងហាក់ ដោយជិះម៉ូតូត្រឡប់ទៅផ្ទះវិញតាមផ្លូវលេខ៩៩(មិនមែនលេខ៩០៧នោះទេ) ពេលធ្វើដំណើរដល់ចំណុចខាងលើមានខ្សែភ្លើងមួយសរសៃដែលដាច់ធ្លាក់ពីបង្គោលធ្លាក់មកក្រោម បានទាក់កតែពុំបានដួលម៉ូតូទេបណ្តាលឱ្យស្នាមនៅនឹងក រួចក៏បានជិះម៉ូតូបន្តទៅផ្ទះទៅទៀត។

តាមការបំភ្លឺរបស់ឈ្មោះ រស់ គ្រី ភេទប្រុស អាយុ៥២ឆ្នាំ ដែលជាសន្តិសុខយាមរោងចក្រអគ្គីសនីចម្ងាយពីចំណុចខាងលើប្រហែល ១០ម៉ែត្រ បានប្រាប់ថា ខ្សែភ្លើងនៅចំណុចខាងលើបានដាច់ធ្លាក់ចុះក្រោមក្បែរផ្លូវ ដោយសារឡានដឹកទំនិញបើកទាក់ដាច់ប្រហែលមួយសប្តាហ៍មកហើយ ហើយចំណុចខាងលើពុំដែលឃើញមានបទល្មើសអ្វីកើតឡើងនោះទេ។ បើទោះបីមានមនុស្សនៅក្បែរចំណុចខាងលើក៏សន្តិសុខប្រាប់ឱ្យចេញដែរ ព្រោះជាកន្លែងហាមឃាត់៕