(ព្រះសីហនុ)៖ នាវាចម្បាំងកងទ័ពជើងទឹកអូស្ដ្រាលី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដើម្បីពង្រឹងចំណងមិត្តភាពរវាងកងទ័ពជើងទឹកកម្ពុជា និងអូស្រ្ដាលី ព្រមទាំងប្រគល់នូវសម្ភារវេជ្ជសាស្ដ្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រគល់ជូនកម្ពុជាផងដែរ។ ការចូលចតនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា។

ការមកដល់របស់នាវាចម្បាំងអូស្ដ្រាលីនេះ មានការទទួលស្វាគមន៍ពីសំណាក់ស្ថានទូតអូស្ដ្រាលី, សេនាអនុព័ន្ធ, ឧត្តមនាវី រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ និងសហការរី។ ដោយឡែក ពិធីប្រគល់នូវសម្ភារវេជ្ជសាស្ដ្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រគល់ជូនកម្ពុជា ធ្វើឡើងក្រោមអធិបតីភាពរបស់ស្ថានទូតអូស្ដ្រាលី និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

គួរជម្រាបថា អង្គភាពដែលទទួលបាននូវសម្ភារវេជ្ជសាស្ដ្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពីនាវាចម្បាំងអូស្ដ្រាលី គឺរដ្ឋបាលខេត្តព្រះសីហនុ, មូលដ្ឋានសមុទ្រ, យោធភូមិភាគទី៤ ទី៥ និងកងទ័ពជើងគោក។

សូមជម្រាបថា លក្ខណៈបច្ចេកទេសរបស់នាវា HMAS Anzac (FFH 150) រួមមាន៖ បណ្ដោយ១១៨ម៉ែត្រ, ទទឹង១៤.៨ម៉ែត្រ, ជំរៅទឹក៦.២ម៉ែត្រ, ទំងន់ផ្ទុក៣,៨១២១តោន, ល្បឿន៥០គីឡូម៉ែត្រ, ចំនួននាវិកសរុប ១៥៨នាក់ ដែលដឹកនាំដោយលោកឧត្តមនាវីត្រី Mal Wise មេបញ្ជាការនាវាឥណ្ឌូប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអូស្ត្រាលី៕