(ភ្នំពេញ)៖ លោក សុខ សុគន្ធ អ្នកតាមដានបញ្ហាសង្គមកម្ពុជា បានរិះគន់ និងវាយប្រហារធ្ងន់ៗទៅលើក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើលើការងារសិទ្ធិមនុស្ស។ លោក សុខ សុគន្ធ បានហៅក្រុមអង្គការសិទ្ធិមនុស្សដែលរស់ដោយលុយបរទេសទាំងនោះថា បង្រៀនពលរដ្ឋកម្ពុជាឱ្យយល់ពីសិទ្ធិ តែមិនដែលពន្យល់ប្រជាពលរដ្ឋកម្ពុជាឱ្យចេះទទួលខុសត្រូវលើច្បាប់ដែលកម្ពុជាបានចែងនោះឡើយ។

ការលើកឡើងរបស់លោក សុខ សុគន្ធ បានធ្វើឡើង បន្ទាប់ពីអង្គការទទួលបន្ទុកសិទ្ធិមនុស្សដែលទទួលបានលុយពីបរទេសទាំងនេះ បានធ្វើរបាយការណ៍រាយការណ៍អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាអង្គការសិទ្ធិមនុស្សអន្តរជាតិានានាពីឱនភាពសិទ្ធិមនុស្សនៅកម្ពុជា។ របាយការណ៍របស់ពួកគេ បានក្លាយទៅជាសេនារិយោសម្រាប់ក្រុមប្រឆាំង ឬបណ្តាប្រទេសប្រជាធិបតេយ្យដាក់នូវគំនាបនានាមកលើរាជរដ្ឋាភិបាលកម្ពុជា។

លោក សុខ សុគន្ធ បានវាយប្រហារថា ក្រុមអង្គការធ្វើការលើសិទ្ធិមនុស្សនៅកម្ពុជាមួយចំនួន ធ្វើការតែលើទិសដៅថវិកាពីបរទេស ដើម្បីទ្រទ្រង់សកម្មភាពរបស់ខ្លួនតែមិនបានជួយអ្វីដល់សង្គមកម្ពុជានោះឡើយ។

លោក សុខ សុគន្ធ បានគូសបញ្ជាក់យ៉ាងដូច្នេះ «អាហ្នឹងហើយជាបញ្ហាកើតនៅស្រុកខ្មែរនោះ។ អ៊ីចឹងហើយបានជាជិត ៣០ឆ្នាំហើយ អាស្អីដែលហៅថា អង្គការសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្ស វាក្លាយទៅជាឧបករណ៍របស់បរទេសដែលកកូរកកាយកម្ពុជា ហើយអត់ជួយឱ្យប្រជាជនខ្មែរយើងកសាងនូវសេចក្តីសុខដុមរមនាទេ»

លោក សុខ សុគន្ធ បានសង្កត់ធ្ងន់ថា ក្រុមអង្គការសង្គមស៊ីវិល អង្គការសិទ្ធិមនុស្សនេះ ត្រូវរៀនទទួលខុសត្រូវចំពោះច្បាប់ ប្រពៃណី ទំនៀមទម្លាប់ ហើយត្រូវបង្រៀនប្រជាពលរដ្ឋឱ្យចេះទទួលខុសត្រូវលើបញ្ហានេះផងដែរ ដើម្បីនាំមកនូវសុខដុមក្នុងសង្គម។

លោក សុគន្ធ បានបន្តយ៉ាងដូច្នេះ «អង្គការសង្គមស៊ីវិលរបស់ខ្លួនរៀនទទួលខុសត្រូវ បូជនីយជនជាខ្លួនហ្នឹង ក៏ទទួលខុសត្រូវ ហើយបង្រៀន និងឃោសនាឱ្យប្រជាជនខ្មែរស្គាល់នូវសិទ្ធិសេរីភាព ដោយការទទួលខុសត្រូវ ស្គាល់ធម្មនុញ្ញភាព ស្គាល់ច្បាប់របស់ប្រទេសជាតិ ស្គាល់ប្រពៃណី ស្គាល់ទំនៀមទម្លាប់ ហើយដឹងពីការទទួលខុសត្រូវ»៕