(ព្រះសីហនុ)៖ ក្រោយទទួលបណ្ដឹងពីប្រជាពលរដ្ឋថាមានចោរលួចម៉ូតូរបស់គាត់ កម្លាំងសមត្ថកិច្ចចម្រុះនៅខេត្តព្រះសីហនុបានសហការគ្នាយ៉ាងរឹងមាំ ដើម្បីតាមឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានលួចម៉ូតូពីក្រុងព្រះសីហនុ ហើយជិះមកដល់ស្រុកព្រៃនប់បំណងរត់គេច ក៏ត្រូវសមត្ថកិច្ចក្របួចជាប់តាមផ្លូវ។

លោកឧត្តមសេនីយ៍ត្រីទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨៖២០នាទីយប់ មានប្រជាពលរដ្ឋម្នាក់មកប្តឹងរាយការណ៍ថា ខ្លួនបានបាត់ម៉ូតូ១គ្រឿង ម៉ាក Zoomer X ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1S-5056 ដែលបានចតនៅចំណុចផែរូយ៉ាល់ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបណ្តឹងរួច លោកស្នងការបានបញ្ជាឱ្យកម្លាំងជំនាញ ផែននគរបាលព្រហ្មទណ្ឌបានចុះស្រាវជ្រាវ ដោយមានការសហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកព្រៃនប់ រហូតដល់ឃាត់ខ្លួនបានជនសង្ស័យ១នាក់ នៅឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ នៅពេលដែលជនសង្ស័យជិះម៉ូតូ ដែលលួចបានបម្រុងគេចខ្លួន។

ជនសង្ស័យឈ្មោះ ចែត វុទ្ធី អាយុ២៣ឆ្នាំ មានទីលំនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ករណីខាងលើនេះ មន្ត្រីជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំជនសង្ស័យ ដើម្បីរៀបចំឯកសារសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕