(ភ្នំពេញ)៖ បុរសដែលជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្ដោយមហាវិថីវេងស្រេង បណ្ដាលឱ្យមនុស្ស៣នាក់ស្លាប់ និងរបួសធ្ងន់-ស្រាល៧នាក់ នៅយប់មិញនោះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់តុលាការហើយ។

គួរជម្រាបថា នៅវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ អ្នកបើកបររថយន្តមួយគ្រឿងម៉ាក Toyota Tundra ពាក់ស្លាកលេខ ភ្នំពេញ 2AG-7060 បានបើកបុកម៉ូតូមួយគ្រឿងដែលកំពុងធ្វើដំណើរនៅតាមផ្លូវ២១៧ មុខបុរីពិភពថ្មីចំការដូង ប៉ុន្តែអ្នកបើកម៉ូតូរងរបួសស្រាលនោះទេ។

បន្ទាប់ពីបើកបុកម៉ូតូនេះរួចហើយ អ្នកបើកបររថយន្ត Tundra ដដែលនោះ ក៏បានបើករត់គេចចេញពីកន្លែងកើតហេតុ ហើយបត់ចូលទៅផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច។ នៅលើផ្លូវវេងស្រេងនេះ អ្នកបើករថយន្ត Tundra នោះ បានវ៉ារថយន្តកុងទីន័រមួយគ្រឿងទៀត តែបែរជាជ្រុលចង្កូតទៅបុករទេះលក់សាច់អាំងមួយ ដែលមានមនុស្សកំពុងសាអីវ៉ាន់ត្រលប់ទៅផ្ទះវិញ។ ស្ថានភាពបុកនាពេលនោះ គឺបុករះពេញទំហឹងតែម្ដង ជាហេតុបណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់ និង៧នាក់ទៀតរងរបួសធ្ងន់និងស្រាល។ ទីតាំងផ្លូវវេងស្រេងដែលកើតហេតុគ្រោះថ្នាក់ចរាចរណ៍នោះ គឺនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានចុះវាស់វែងនៅកន្លែងកើតហេតុ និងពិនិត្យមើលសាកសព រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បើតាមគេហទំព័រ Facebook របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានចេញផ្សាយនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹង ថា សមត្ថកិច្ចបានតាមឃាត់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍នោះបានហើយ ដោយគេមានឈ្មោះ ហៃ វិចិត្រា។ ក្នុងពេលបើកបរបង្កគ្រោះថ្នាក់នោះ ជនបង្ករូបនេះ គឺស្ថិតក្នុងស្ថានភាពស្រវឹងស្រា។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា នៅរសៀលថ្ងៃទី១៧ ខែតុលានេះដែរ ជនសង្ស័យ ហៃ វិចិត្រា ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕