(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងបើកឲ្យដំណើរការឡើងវិញ ផ្សារចំនួន៣ ក្នុងក្រុងសៀមរាប ក្នុងពេលឆាប់ៗនេះ ក្រោយបានពិនិត្យឃើញថា ការបើកសាកល្បងរយៈពេល៣ថ្ងៃកន្លងមកមានការអនុវត្តន៍ល្អតាមការណែនាំរបស់ក្រុមការងារ និងវិធានការសុខាភិបាល ។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពទីតាំងផ្សារទាំងនោះ ថាតើបាន អនុវត្តតាមការណែនាំ ស្តីអំពីការធានាសុវត្ថិភាព ការពារការចម្លងជំងឺកូវីដ-១៩ បានដល់កម្រិតណា? ហើយការចុះត្រួតពិនិត្យនេះ គឺស្ថិតក្នុងពេលដែលទីតាំងផ្សារទាំងនេះ បាននឹងកំពុងដំណើរការសាកល្បង ជាបណ្តោះអាសន្នអស់រយៈពេល៣ថ្ងៃកន្លងមកហើយដែរ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏ធ្លាប់បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១១ ខែតុលាកន្លងទៅដែរថាក្នុងគោលបំណងចង់ឲ្យផ្សារទាំងនេះ បានដំណើរការឡើងវិញ ក្រុមការងារចម្រុះបានចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករឲ្យបានយល់ និងបានដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធស្កែន QR Code ។

ក្រុមការងារក៏បានណែនាំដល់ម្ចាស់ផ្សារ និងអាជីវករទាំងអស់ ឲ្យមានការរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារឡើងវិញ ស្របតាមវិធានការរបស់អាជ្ញាធរ និងវិធានការសុខាភិបាល និងប្រតិបត្តិលើការរៀនរស់តាមគន្លងថ្មី នៃបរិបទកូវីដ-១៩ ។

គួររំលឹកផងដែរ ផ្សារសំខាន់ៗចំនួន៣ទីតាំង នៅក្នុងក្រុងសៀមរាប ត្រូវបានអាជ្ញាធរបិទខ្ទប់ជាច្រើនលើកមកហើយ ដែលរួមមាន ផ្សារសាមគ្គី-ហ៊ុយគាំង នៅសង្គាត់ស្លក្រាម, ផ្សារលើធំថ្មី នៅក្នុងសង្កាត់សាលាកំរើក និងផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ នៅក្នុងសង្កាត់គោកចក៕