(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែង នៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ដែលជាគម្រោង របស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ គ្រោងនឹងបញ្ចប់នៅការដ្ឋាននៅចុងខែធ្នូ ឆ្នាំ២០២១។

បន្ទាប់មកលោកអភិបាលខេត្តបានបន្តចុះពិនិត្យស្ថានីយស្រាវជ្រាវ ភ្ញាស់កូនត្រី បង្កាត់ពូជត្រី ស្ថិតនៅក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជ នឹងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២១ ខាងមុខនេះ ហើយស្ថានីយនេះនឹងអាចរួមចំណែកបង្កើនបាន ពូជកូនត្រី ជាច្រើនប្រភេទ ពិសេសអភិរក្សនៃត្រីប្រភេទមេពូជ ដែលកម្រៗ ដែលមានក្នុងខេត្តស្ទឹងត្រែង និងបានបង្កើតបាននូវផលស្តុកត្រីធម្មជាតិ នៅស្ទឹងត្រែងឡើងវិញផងដែរ។

តាមការបញ្ជាក់របស់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ការសាងសង់ស្ថានីយ៍ ស្រាវជ្រាវ និងផលិតកូនត្រីពូជ នេះបង្កើតឡើងតាមគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ (ដំណាក់កាលទី៣) សមាសសភាគទី១ របស់អង្គការ The world Bank។ ហើយនេះក៏ជាប្រវត្តិសាស្រ្តថ្មី មួយសម្រាប់បងប្អូនអ្នកខេត្តស្ទឹងត្រែងរង់ចាំ នូវការបង្កើតឲ្យមានស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ ប្រចាំនៅភូមិភាគឥសាន នៃប្រទេសកម្ពុជា៕