(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងសាទរថា ថ្មីៗនេះចំពោះទីភ្នាក់ងារទេសចរណ៍អន្ដរជាតិ Rough Guides មានទីស្នាក់ការនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលមានជំនាញខាងស្ទង់មតិនៅលើបណ្តាញសង្គម Twitter និង Facebook ដើម្បីស្វែងរកប្រទេសនានាលើភពផែនដីនេះ ដែលមានភាពរួសរាយរាក់ទាក់ជាងគេបំផុតលើពិភពលោក (The World's Friendliest Countries) ហើយបានរកឃើញថា «កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១» លើពិភពលោក ហើយត្រូវបានប្រជាជាតិខ្មែរទំាងក្នុង និងក្រៅព្រះនគរមានសេចក្ដីសាទរនេះ បានបង្ហាញអំពីទិដ្ឋភាពចំនួន២។

ទិដ្ឋភាពទាំង ២នោះគឺ ទិដ្ឋភាពនៃភាពរុងរឿងរបស់ផែនដីព្រះនគរយើងផង និងភាពសោកសៅរបស់ព្រះនគរយើងផង ដែលអាចពន្យល់ដូចខាងក្រោម៖

* ទិដ្ឋភាពរុងរឿង៖ ដូចយើងបានឃើញប្រាង្គប្រាសាទបាយ័ន គឺបុព្វបុរសខ្មែរចេះយកថ្មដែលមានទំហំធំៗ មករចនាជារូបទេព ឬបុព្វការីជនខ្លួនដែលមានព្រះភ័ក្ត្របញ្ចេញដោយស្នាមញញឹមយ៉ាងស្រស់បំព្រង ទៅកាន់មនុស្សជាតិមកពីគ្រប់ទ្វីបលោក។

* ទិដ្ឋភាពសោកសៅ៖ គឺក្រោយពីការធ្លាក់ចុះនៃអារ្យធម៌អង្គរមក ស្នាមញញឹមខ្មែរដ៏ស្រស់បំព្រងបានចុះស្រអាប់បន្ដិចម្ដងៗ ពិសេសពីឆ្នំា១៩៧០ដល់១៩៧៩គឺស្នាមញញឹមខ្មែរស្ទើររសាត់បាត់ពីភ្នែកមនុស្សជាតិលើភពផែនដីនេះ។

បើដូចនេះចំពោះកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នេះ គឺបានបង្ហាញឲ្យឃើញថាកម្ពុជាក្រោមពន្លឺពណ៌មាសសន្ដិភាពសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យផែនដីកម្ពុជា ប្រជាជាតិកម្ពុជា បញ្ចេញនូវស្នាមញញឹមរួសរាយរាក់ទាក់ទ្បើងវិញយ៉ាងស្រស់បំព្រងទៅកាន់ពិភពលោក ។ មួយវិញទៀត ក៏ជាការឆ្លុះបញ្ចំាងផងដែរថា ខ្មែរជាជាតិសាសន៍មួយ ដែលមានប្រពៃណីញញឹម រួសរាយរាក់ទាក់ ស្មោះត្រង់ និងជួយយកអាសាគ្នាទៅវិញទៅមកតំាងពីបុរាណរៀងមក។

ស្ថិតក្នុងន័យផងដែរ បើឈរលើទស្សន:ខ្មែរចំពោះភាពញញឹមគឺ៖
* ទី១ ជ័យជម្នះ
* ទី២ យល់ព្រម
* ទី៣ សង្ឃឹម
* ទី៤ ស្វាគមន៍ពុំមានការរើសអើង។

បានសេចក្ដីថាចំពោះភាពញញឹមខ្មែរ គឺបង្ហាញពីភាពវិជ្ជមាន ឬសិរីមង្គលក្នុងជីវិតនិងសង្គមដោយពុំផ្ដោតទៅលើភាពអវិជ្ជមានឬអពមង្គលនោះទេ។ ត្រង់នេះបរទេសហៅភាពញញឹមខ្មែរថា កម្ពុជាគឺជាផែនដីនៃស្នាមញញឹម គឺជាផែនដីដ៏ស្រស់បំព្រង ពីព្រោះប្រជាជនកម្ពុជាតែងតែបញ្ចេញនូវស្នាមញញឹមជាទីគយគន់ដ៏គួរឲ្យស្រទ្បាញ់ ពីសម្រស់ស្នាមញញឹមនៅលើផ្ទៃមុខធម្មជាតិរបស់ខ្មែរគ្រប់ៗរូបដល់ភ្នែកមនុស្សផងទំាងពួងលើភពផែនដីនេះ។

បើដូចនេះចំពោះភាពញញឹមខ្មែរ គឺជាមរតកពូជសាសន៍ខ្មែរដោយបង្ហញអំពីគុណតម្លៃប្រពៃណីវប្បធម៌ខ្មែរតំាងពីបុរាណរៀងមកយ៉ាងដូច្នោះហើយ បានជាអ្នកប្រាជ្ញបារំាងកាលពីសម័យអាណានិគមនិយមពីជាង១០០ឆ្នំាមុន បានធ្វើការស្រាវជ្រាវជាប្រវត្ដិសាស្រ្ដអំពីស្នាមញញឹមខ្មែរដោយហៅថា «កម្ពុជាជាទឹកដីនៃស្នាមញញឹម»។ ចំពោះការសិក្សាស្រាវជ្រាវនេះ គឺចេញពីជនជាតិខ្មែរញញឹមរួសរាយរាក់ទាក់ ដោយឆ្លុះបញ្ចំាងអំពីប្រពៃណី វប្បធម៌ចម្លាក់ដែលពួកគេឃើញពីស្នាមញញឹមប្រាង្គប្រាសាទបាយ័ន, អប្សរា ក៏ដូចជាស្នាមញញឹមរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាស្នាមញញឹមនៃភាពស្ងប់ស្ងាត់សន្ដិភាពនិងជៀសវាងពីអំពើបាប។ ដោយស្នាមញញឹម បង្ហាញអំពីគុណតម្លៃប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិខ្មែ ទើបគេបានសង្កេតឃើញខ្មែរមានលក្ខណៈពិសេសត្រង់នៅមុនពេលដែលពួកគេនិយាយចេញ ពួកគេតែងតែបញ្ចេញនូវស្នាមញញឹមជាមុនសិន។

ជាចុងក្រោយលោក រ័ត្ន សណ្ដាប់ បានកត់សម្គាល់ផងដែរថា ដោយស្នាមញញឹមក៏ជាលក្ខណ:សម្បត្ដិពីធម្មជាតិមួយ ដោយសម្ដែងចេញពីជាតិសាសន៍នីមួយៗយ៉ាងដូច្នេះហើយ បានជាកន្លងមកយើងឃើញសៀមបានយកស្នាមញញឹមធ្វើជាអត្ដសញ្ញាណរបស់ពូជសាសន៍ខ្លួនដោយបានបំផុសផ្សព្វផ្សាយជាពាក្យស្លោកថា «ស្នាមញញឹមថៃ - Thailand Smile» តែបន្ដិចក្រោយមកការបំផុសនេះត្រូវបានបាត់សម្លេងទៅវិញដោយឯកឯង ពីព្រោះសៀមពុំមានអារ្យធម៌នៃស្នាមញញឹមដូចខ្មែរ ។

ជាក់ស្ដែង សម្ដេចឪព្រះបរមរតនកោដ្ឋជាទីគោរពសក្ការ:នៃយើង គឺព្រះអង្គ បានទទួលជោគជ័យក្នុងជីវិតនយោបាយទំាងជាតិ និងឆាកអន្ដរជាតិតាមរយៈភាពទន់ភ្លន់នៃស្នាមញញឹមដ៏ស្រស់បំព្រងរបស់ព្រះអង្គនេះឯង។ នេះបង្ហាញថាភាពជោគជ័យរបស់ព្រះអង្គគឺនៅពីក្រោយនៃស្នាមញញឹមរបស់ព្រះអង្គ។

«បើដូចនេះចំពោះស្នាមញញឹមខ្មែរ គឺជាអត្តសញ្ញាណជាតិមួយ បង្ហាញអំពីគុណតម្លៃប្រជាជនកម្ពុជាមានចរិតទន់ភ្លន់ រួសរាយរាក់ទាក់ សុភាពរាបសា និងសន្ដិភាពដើម្បីស្វាគមន៍មនុស្សជាតិគ្រប់ៗរូប មកពីរគ្រប់ទ្វីបលើភពផែនដីនេះដោយពុំប្រកាន់ពណ៌សម្បុរ វប្បធម៌ ជំនឿសាសនា»។ នេះជាការបញ្ជាក់របស់លោក សណ្ដាប់។

បានន័យថាក្នុងសម័យតេជោនេះ សន្តិភាពបាននំានូវស្នាមញញឹមរបស់បុព្វបុរសខ្លួនកាលពីសម័យដ៏រុងរឿងមកជូនដល់ប្រជាជាតិខ្មែរវិញគ្រប់ៗរូប ទុកជាអត្ដសញ្ញាណប្រពៃណី វប្បធម៌ជាតិ មិនអាចកាត់ថ្លៃបានតរៀងទៅ ពីព្រោះកំហឹងត្រូវរសាត់ចេញផុតពីប្រជាជនខ្មែរ។ បើដូច្នេះយើងអាចនិយាយថា អំណេះតរៀងទៅ ស្នាមញញឹមរបស់ប្រជាជនកម្ពុជាគឺជាស្នាមញញឹមអត្ដសញ្ញាណជាតិខ្មែរ បង្ហាញអំពីប្រពៃណីទំនៀមទំម្លាប់វប្បធម៌ជាតិ និងផ្តល់អត្ថប្រយោជន៍សម្រាប់ព្រះនគរ។

បើចង់ឃើញស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា មកទស្សនាព្រះនគរកម្ពុជា ពីព្រោះសន្ដិភាពបានស្វាគមន៍មនុស្សផងទំាងពួងពីគ្រប់ទ្វីបលើពិភពលោក ឲ្យមកឃើញស្នាមញញឹមដ៏ស្រស់បំព្រងរបស់ប្រជាជាតិខ្មែរតំាងពីសម័យបុរាណរៀងមកទ្បើងវិញ៕