(ខេត្តរតនគិរី)៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសថា គិតត្រឹមរសៀលថ្ងៃទី១៧នេះ ទឹកទន្លេស្រែពក ខេត្តរតនគិរី មានកម្ពស់ ១១.២០ម៉ែត្រ ពោលគឺជិតដល់កម្រិតប្រកាសអាសន្នហើយ ខណៈកម្រិតប្រកាសអាសន្ន ១២.៥០ម៉ែត្រ ក្នុងនោះក៏កំពុងជន់លិចភូមិសាស្ត្រជាច្រើន ដែលតាមបណ្ដោយទន្លេស្រែពក។

ក្រុមការងារនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី ក៏បានចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក នៅស្រុកលំផាត់ ខេត្តរតនគិរី ព្រមទាំងចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈ និងបង្កើនការប្រុងប្រយ័ត្ន ចំពោះករណីជាយថាហេតុផ្សេងៗ៕

នៅសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តរតនគិរី បានដឹកនាំមន្ត្រី ចុះត្រួតពិនិត្យស្ថានភាពទឹកទន្លេស្រែពក កំពុងឡើងក្នុងភូមិសាស្ត្រស្រុកលំផាត់។

លោកអភិបាលបានគូសបញ្ជាក់ថា អាជ្ញាធរខេត្តបានណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រៀមមធ្យោបាយ សម្ភារៈ ដើម្បីជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋ ពេលមានករណីទឹកជន់ឡើង។

លោក ញ៉ែម សំអឿន បញ្ជាក់ឲ្យដឹងទៀតថា ស្ថានភាពទឹកទន្លេស្រែពក ក្នុងថ្ងៃនេះមានសភាពទឹកកម្ពស់កើនឡើង ដោយសារជំនន់ទឹកភ្លៀងគួបផ្សំនឹងខាងប្រទេសវៀតណាម បើកទ្វារទំនប់ទឹកវារីអគ្គិសនី នាំឲ្យមានសន្ទុះទឹកទន្លេស្រែពក ហក់ឡើង ប៉ុន្តែក្នុងថ្ងៃដដែលនេះស្ថានភាពទឹក នៅប្រទេសមានការស្រក់ចុះបន្តិច។ ទោះជាយ៉ាងនេះក្តីអាជ្ញាធរ ត្រៀមទាំងមធ្យោបាយសរុប, កម្លាំងសរុបរួចរាល់អស់ហើយ ដើម្បីធ្វើអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ទឹកទន្លេស្រែពកនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ មានកម្ពស់ជាង១១ម៉ែត្រ, ខណៈកម្ពស់ទឹកប្រកាសអាសន្នមាន ១២.៥០ម៉ែត្រ៕