(ភ្នំពេញ)៖ ជាទូទៅនៅពេលដែលមានបទល្មើស ឬអំពើបំពារបំពានណាមួយកើតមានឡើង គេតែងតែឃើញមានការដាក់ពាក្យបណ្ដឹងពីសំណាក់ជនរងគ្រោះ ឬក៏ក្រុមគ្រួសាររបស់ជនរងគ្រោះ ទៅកាន់មន្រ្តីនគរបាលយុត្តិធម៌ ឬអង្គការអយ្យការ ដើម្បីទាមទារយុត្តិធម៌ និងសំណងរដ្ឋប្បវេណី។ អង្គការអយ្យការ បានដើរតួនាទីយ៉ាងសំខាន់ដើម្បីពិនិត្យ និងធ្វើការថ្លឹងថ្លែងចំពោះអំពើទាំងនោះ តើគួរធ្វើការចោទប្រកាន់ ឬតម្កល់រឿងទុកឥតចាត់ការ (មិនចោទប្រកាន់)។

ដើម្បីយល់ដឹងឱ្យបានកាន់តែច្បាស់ អំពីគោលការណ៍នៃការចោទប្រកាន់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ នឹងធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

យោងតាមមាត្រា ៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានបញ្ញត្តិថា៖ អយ្យការធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៉ើបសួរ និងយុត្តាធិការជំនុំជម្រះ។ មានន័យថា ស្ថាប័នអយ្យការជាស្ថាប័នមួយដែលមានសមត្ថកិច្ចកំណត់បានថាសញ្ញាណនៃអំពើល្មើសណាមួយ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវធ្វើការចោទប្រកាន់ និងសុំឱ្យយុត្តាធិការស៉ើបសួរ និងយុត្តាធិការជំនុំជម្រះធ្វើចំណាត់ការបន្ត។ នៅក្នុងក្របខណ្ឌនៃនីតិព្រហ្មទណ្ឌ មានគោលការណ៍ចំនួនពីរ សម្រាប់ធ្វើការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ គឺគោលការណ៍នីត្យានុកូលភាពនៃការចោទប្រកាន់ និងគោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់។

* គោលការណ៍នីត្យានុកូលភាពនៃការចោទប្រកាន់
វាត្រូវបានយកមកប្រើប្រាស់នៅក្នុងច្បាប់ព្រហ្មទណ្ឌអន្តរកាលរបស់កម្ពុជា ឆ្នាំ១៩៩២។ នៅក្នុងគោលការណ៍នេះ ប្រសិនបើបទល្មើសព្រហ្មទណ្ឌមួយកើតឡើង ព្រះរាជអាជ្ញាដាច់ខាតត្រូវតែធ្វើការចោទប្រកាន់ មិនឱ្យអំពើល្មើសណាមួយគេចផុតពីការផ្តន្ទាទោសពីបញ្ញត្តិច្បាប់ទ្បើយ ហើយព្រះរាជអាជ្ញា មិនអាចសម្រេចតម្កល់រឿងទុកឥតចាត់ការបានឡើយ ទោះបីជាអំពើល្មើសនោះជាអំពើតូចតាចក្តី ឬមានការប៉ះពាល់សណ្តាប់ធ្នាប់សង្គមតិចតួចក៏ដោយ ពោលគឺឱ្យតែមានអង្គហេតុដែលជាបទល្មើសព្រហ្មទណ្ឌកើតឡើង ព្រះរាជអាជ្ញាត្រូវធ្វើការចោទប្រកាន់ទាំងអស់។

គោលការណ៍នេះមានភាពវិជ្ជមានត្រង់ថា គ្រប់អង្គហេតុក្នុងរឿងព្រហ្មទណ្ឌទាំងអស់ គឺសុទ្ធតែត្រូវបានចោទប្រកាន់ដោយព្រះរាជអាជ្ញា ដែលអាចផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក៏ដូចជាចៀសវាងការសម្រេចតម្កល់រឿងទុកឥតចាត់ការ ដែលអាចមានភាពមិនប្រក្រតីណាមួយ។ ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលគ្រប់សំណុំរឿងសុទ្ធតែត្រូវបានចោទប្រកាន់ដោយព្រះរាជអាជ្ញា នោះធ្វើឱ្យសំណុំរឿងព្រហ្មទណ្ឌអាចនឹងត្រូវបានកកស្ទះច្រើន ដែលធ្វើឱ្យដំណើរការនីតិវិធីក្នុងរឿងក្ដីព្រហ្មទណ្ឌនីមួយៗ មិនអាចបញ្ចប់ដោយឆាប់រហ័សបាន។ គោលការណ៍នីត្យានុកូលភាពនៃការចោទប្រកាន់ ត្រូវបាននិរាករណ៍ដោយវត្តមានក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ ដោយជំនួសមកវិញនូវគោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់ សម្រាប់ដំណើរការរឿងក្តីព្រហ្មទណ្ឌ។

*គោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់
វាគឺជាគោលការណ៍មួយក្នុងនីតិវិធីព្រហ្មទណ្ឌដែលផ្តល់សិទ្ធិអំណាចដល់ព្រះរាជអាជ្ញា ធ្វើការថ្លឹងថ្លែងអំពីចំណាត់ការលើពាក្យប្តឹង និងពាក្យបណ្តឹងបរិហារដែលខ្លួនបានទទួលដោយផ្ទាល់ ឬដែលមន្រ្តីនគរបាលបញ្ជូនមក ដើម្បីសម្រេចថាតើគួរតែតម្កល់រឿងទុកឥតចាត់ការ ឬគួរធ្វើការចោទប្រកាន់ទៅលើជនណាម្នាក់ដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដែលគេអាចហៅបានថាជា ជម្រើសនៃការចោទប្រកាន់។ តាមរយៈគោលការណ៍នេះ ព្រះរាជអាជ្ញាអាចប្រើអំណាចឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការសម្រេចមិនធ្វើការចោទប្រកាន់ទៅលើបទល្មើសព្រហ្មទណ្ឌណាមួយ ទោះបីជាអំពើនោះមានចែងក្នុងក្រមព្រហ្មទណ្ឌ ឬច្បាប់ផ្សេងៗទៀតក៏ដោយ។ ជាគោលការណ៍ព្រះរាជអាជ្ញាអាចពិចារណាអំពីតុល្យភាពនៃការផ្តន្ទាទោស និងទំហំនៃព្យសនកម្ម (ការខូចខាត) របស់ជនរងគ្រោះ និងសង្គមជាតិទាំងមូលត្រូវទទួលរង។

ជាឧទាហរណ៍៖ ករណីលួចផ្លែស្វាយ ២ ទៅ ៣ ផ្លែ ដើម្បីទទួលទាន ដែលតាមរយៈវិធានព្រហ្មទណ្ឌ គឺគ្រប់ធាតុផ្សំនៃបទល្មើសដែលព្រះរាជអាជ្ញាត្រូវធ្វើការចោទប្រកាន់ ប៉ុន្តែតាមរយៈគោលការណ៍នេះ ព្រះរាជអាជ្ញាអាចពិចារណាថ្លឹងថ្លែងបានថា តើជនរងគ្រោះ និងសង្គមជាតិទាំងមូល បានទទួលរងព្យសនកម្មធ្ងន់ធ្ងរកម្រិតណា ដោយគ្រាន់តែលួចផ្លែស្វាយ ២ ឬ៣ ផ្លែ ? តើការផ្ដន្ទាទោសទៅលើជនល្មើស អាចផ្ដល់ផលចំណេញដែរឬទេដល់សង្គមជាតិ? បើមានការចោទប្រកាន់ និងផ្តន្ទាទោសមែន តើរដ្ឋនឹងត្រូវចំណាយថវិកាប៉ុន្មានដើម្បីចិញ្ចឹមទណ្ឌិត?។ គោលការណ៍នេះផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ក្នុងការស្វែងរកភស្តុតាងដាក់បន្ទុក ក៏ដូចជាដំណើរការក្ដីដោយភាពឆាប់រហ័ស និងកាត់បន្ថយការកកស្ទះសំណុំរឿង។

ប៉ុន្តែករណីមួយចំនួន ប្រសិនបើការសម្រេចតម្កល់រឿងទុកឥតចាត់ការ ត្រូវបានសម្រេចដោយព្រះរាជអាជ្ញា ដោយមិនបានពិចារណាថ្លឹងថ្លែងច្បាស់លាស់ទេ ក៏អាចជះនូវភាពអវិជ្ជមានផងដែរ។ ដើម្បីចៀសវាងការប្រើប្រាស់អំណាចជ្រុលពីសំណាក់ព្រះរាជអាជ្ញាតាមរយៈការតម្កល់រឿងទុកឥតចាត់ការ ក្រមនីតិវិធីព្រហ្មទណ្ឌ ត្រង់មាត្រា៤១ កថាខណ្ឌ៤ និង៦ បានបញ្ញត្តិថា ប្រសិនបើអ្នកប្តឹងមិនសុខចិត្តនឹងសេចក្តីសម្រេចតម្កល់រឿងទុកឥតចាត់ការទេ សាមីខ្លួនអាចធ្វើការតវ៉ាទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បាន។ ប្រសិនបើយល់ឃើញថា ការតវ៉ានេះមានមូលហេតុត្រឹមត្រូវ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ចេញអធិបញ្ជាដល់ព្រះរាជអាជ្ញាអមសាលាដំបូងឱ្យធ្វើការចោទប្រកាន់។ អគ្គព្រះរាជអាជ្ញា ធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរ។ នៅក្នុងករណីផ្ទុយពីនេះ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ តម្កល់សេចក្តីសម្រេចរបស់ព្រះរាជអាជ្ញាអមសាលាដំបូងទុកជាបានការ។ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ត្រូវឱ្យដំណឹងអំពីសេចក្តីសម្រេចនេះដល់អ្នកប្តឹងតវ៉ា។

ទន្ទឹមនឹងនេះ មាត្រា ២៩ កថាខណ្ឌ១ បានបញ្ញត្តិថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អាចប្តឹងបរិហារទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ឬព្រះរាជអាជ្ញាអមសាលាដំបូង អំពីបទល្មើសដែលខ្លួនបានដឹង អាចធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរដែលត្រូវដាក់បញ្ជូលទៅក្នុងសំណុំរឿងឱ្យអគ្គព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញាធ្វើការ​ចោទប្រកាន់ ឬធ្វើសេចក្តីសន្និដ្ឋានយ៉ាងណាតាមការដែលរដ្ឋមន្រ្តីយល់ឃើញថាជាការគួរ។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មិនអាចធ្វើអធិបញ្ជាដល់អគ្គព្រះរាជអាជ្ញា ឬព្រះរាជ​អាជ្ញា ឱ្យធ្វើការតម្កល់រឿងទុកឥតចាត់ការនូវរឿងក្តីព្រហ្មទណ្ឌណាមួយទ្បើយ។

សរុបមក នៅក្នុងក្របខណ្ឌនៃនីតិព្រហ្មទណ្ឌមានគោលការណ៍ចំនួនពីរ សម្រាប់អង្គការអយ្យការធ្វើការចោទប្រកាន់ គឺគោលការណ៍នីត្យានុកូលភាពនៃការចោទប្រកាន់ ដែលគោលការណ៍នេះត្រូវបានប្រើប្រាស់ក្នុងច្បាប់ព្រហ្មទណ្ឌអន្តរកាលរបស់កម្ពុជា ឆ្នាំ១៩៩២ ហើយគោលការណ៍នេះត្រូវបាននិរាករណ៍ដោយវត្តមាន​ក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ ដោយជំនួសមកវិញនូវគោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់ ដែលជាវិធានសម្រាប់អយ្យការធ្វើការចោទប្រកាន់ នៅក្នុងដំណើរការនីតិវិធីរឿងព្រហ្មទណ្ឌ។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ឡេង ពុទ្ធិតារា ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕