(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ឧបាសិកា ម៉ឺន ថុន ម្តាយបង្កើតរបស់លោក មួន សារ៉ន។ នេះបើតាមសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។

ក្នុងសារលិខិតចូលរួមរំលែកទុក្ខ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយាមានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឧបាសិកា ម៉ឺន ថុន ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម បានទទួលមរណភាព នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ១:២៦ រំលងអាត្រាធ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយដោយក្តី ស្រណោះអាឡោះអាល័យ ចំពោះមរណភាពរបស់ឧបាសិកា ម៉ឺន ថុន គឺជាការបាត់បង់នូវអ្នកម្តាយ ជីដូន ជីទួត ប្រកបដោយសង្គហធម៌ដ៏ល្អ និងព្រហ្មវិហារធម៌ ដែលមិនចេះរីងស្ងួត ចំពោះកូន និងចៅជាទីស្រលាញ់។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា ម៉ឺន ថុន សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕